ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងជាបងប្អូនរវាងប្រទេសកម្ពុជា-ឡាវ ស្របតាមស្មារតី «ភាពដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុង ជ្រោយ និងយូរអង្វែង»។
នាឱកាសអញ្ជើញជួបពិភាក្សាការងារ ជាមួយ លោកបណ្ឌិត Xaysomphone Phomvihane ប្រធានរដ្ឋសភាឡាវ នៅវិមានរដ្ឋសភាឡាវ នៅរដ្ឋធានីវៀងចន្ទន៍ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណបក្ស និងរដ្ឋាភិបាលឡាវ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងធ្វើឱ្យជីវភាពប្រជាជនប្រសើរឡើងជាលំដាប់។ សម្តេច ជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋឡាវ មិត្តឡាវនឹងជម្នះបានរាល់បញ្ហាប្រឈមដោយជោគជ័យ និងបន្តសម្រេចបានសមិទ្ធផលធំៗ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-07_10-44-12-1024x682.jpg)
សម្តេចតេជោ បានជម្រាបជូន លោកបណ្ឌិតប្រធានរដ្ឋសភាឡាវ ពីការវិវត្តនៃសភាពការណ៍នៅកម្ពុជា ដោយគូសបញ្ជាក់ ពីភាពជោគជ័យនៃគណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសរើសបានអ្នកបន្តវេន ជំនាន់ក្រោយនៅឆ្នាំ២០២៣ ក្នុងពេលដែលអ្នកជំនាន់ចាស់នៅមានកម្លាំង ដោយ សម្តេចមិនចង់ឃើញពីភាពច្រំដែលនៃអតីតកាលរបស់កម្ពុជា ជាពិសេស ក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយនេះ ដែលនៅពេលផ្លាស់ប្តូរ អំណាច តែងមានចលាចល និងជម្លោះប្រដាប់អាវុធ។
សម្តេចតេជោ បានបន្ថែមថា ការផ្ទេរអំណាចទៅជំនាន់ក្រោយនេះ គឺជាការដោះដូរនឹងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរយៈពេលវែង ហើយ រយៈពេល ១៨ខែកន្លងទៅនេះ បានបង្ហាញថាអ្នកដឹកនាំបន្តវេន មានសមត្ថភាព និងអាចទុកចិត្តបានក្នុងការបន្តរក្សាបានសន្តិភាព និងការអភិវឌ្ឍប្រទេស។ សម្តេចតេជោ បានលើកឡើងថា ជាមួយនឹងកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ និងការប្រែក្លាយកម្ពុជា ជាប្រទេសផលិតសម្រាប់ការនាំចេញ ដូចជាស្រូវជាដើម កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ និងសម្រេចគោលដៅក្លាយជា ប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-07_10-44-13-1024x682.jpg)
សម្តេច បានបន្ថែមថា ក្នុងអាណត្តិនៃព្រឹទ្ធសភានីតិកាលទី៥នេះ សម្តេចតេជោ បានដាក់គោលដៅអាទិភាពពីរ គឺ ការទូតសភាដែលជាការរួមចំណែកជាមួយ រដ្ឋាភិបាលលើកិច្ចការបរទេស ដោយសារស្ថានការណ៍ពិភពលោក ស្មុគស្មាញនិងពិបាកប៉ាន់ស្មាន និង គណនេយ្យភាពរបស់ព្រឹទ្ធសភា នៅចំពោះមុខអង្គបោះឆ្នោត។
សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន នៃទំនាក់ទំនងជាបងប្អូន រវាងប្រទេសយើងទាំងពីរ តាមស្មារតី ១ភាពដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុង ជ្រោយ និងយូរអង្វែង» ដែលសម្តេច បានបង្កើតឡើងពីឆ្នាំ២០១៩ជាមួយនឹង លោក ថោងលន់ ស៊ីសុលីត និងចាត់ទុកថា «ជាជោគជ័យ និងផែនទីបង្ហាញផ្លូវ សម្រាប់បន្តកិច្ចសហប្រតិបត្តិការ ប្រទេសយើងទាំងពីរ ជាពិសេសសម្រាប់អ្នកដឹកនាំបន្តវេន បន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទៅមុខ»។ សម្តេចតេជោ បានបន្តថា គណបក្សប្រជាជនកម្ពុជា បានគ្របដណ្តប់ប្រមាណ ៤៦ឆ្នាំ នៃទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ សម្តេចតេជោ បានបន្តថាទំនាក់ទំនងនេះ មានស្ថិរភាពបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ចាប់តាំងពីពេលសម្តេច ជារដ្ឋមន្រ្តីការបរទេស នាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
សម្តេចតេជោ បានជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យគ្រប់វិស័យរួមមាន កិច្ចការសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ថាមពល ដោយស្ថាប័ននីតិប្បញ្ញត្តិ ត្រូវចូលរួមគាំទ្រដល់រដ្ឋាភិបាល។
ជាការឆ្លើយតប លោកបណ្ឌិតប្រធានរដ្ឋសភាឡាវ បានថ្លែងអំណរគុណ សម្តេចតេជោ ចំពោះការវាយតម្លៃល្អនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និង ចែករំលែកពីស្ថានការណ៍របស់ប្រទេសកម្ពុជា។ លោក បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យដ៏ធំធេងរបស់កម្ពុជាក្នុងការអភិវឌ្ឍប្រទេស។ លោក បានសម្តែងនូវក្តីរីករាយចំពោះស្នាដៃ នៃការដឹកនាំរបស់គណបក្សប្រជាជនសម្រេចបានសមិទ្ធផលលេចធ្លោ ដែលរួមចំណែកលើកកម្ពស់កិត្យានុភាព និងតួនាទីដ៏សំខាន់របស់ប្រទេសកម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ។
លោកបណ្ឌិតប្រធានរដ្ឋសភា បានជម្រាបសម្តេចតេជោ ពីស្ថានការណ៍នៃប្រទេសឡាវ ដែល ក្រោមការដឹកនាំរបស់បក្ស និងរដ្ឋ ប្រទេសឡាវ មានសន្តិភាព ស្ថិរភាព និង សម្រេចបានកំណើនសេដ្ឋកិច្ច ៤.៦% នៅឆ្នាំ២០២៤។ រដ្ឋាភិបាលឡាវ មានគម្រោងប្រែក្លាយប្រទេសពី Land lock (ប្រទេសមិនជាប់សមុទ្រ) ទៅជា Land Link (ប្រទេសតភ្ជាប់) តាមរយៈការតភ្ជាប់ផ្លូវដែក ជាមួយប្រទេសជិតខាង ដែលផ្តល់ភាពងាយស្រួលក្នុងការដឹកទំនិញចេញចូល និងទាក់ទាញទេសចរ មកទស្សនាប្រទេសឡាវ។ លោកប្រធានរដ្ឋសភាឡាវ បានគូសបញ្ជាក់ថាទំនាក់ទំនងឡាវ-កម្ពុជា មានភាពស្និទ្ធស្នាលជាទីបំផុត ដែលបានប្រកៀកស្មាគ្នាជាមិត្តភាពបងប្អូន និងបន្តរក្សាកិច្ចសហប្រតិបត្តិការជាប្រពៃណីនេះ។
សម្តេចតេជោ និង លោកបណ្ឌិតប្រធានរដ្ឋសភា បានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពី បញ្ហាតំបន់ និងអន្តរជាតិ ដែលជាអត្ថប្រយោជន៍រួម និងតម្រូវឱ្យបង្កើនការតាមដាន និងយកចិត្តទុកដាក់ផងដែរ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)