ព័ត៌មានជាតិ

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាកម្ពុជា ចុះ MOU ស្ដីពី ថ្នាលបណ្តុះការអនុវត្តភាពបៃតង ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០

ភ្នំពេញ៖ នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាកម្ពុជាបានប្រារព្ធេ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា MOU ស្តីពី កិច្ចសហប្រតិបត្តិការពារធនធានធម្មជាតិ ក្នុងដែនឧទ្យានតេជោសែនឫស្សីត្រឹប ខេត្តព្រះវិហារ ដើម្បីសហការអនុវត្តលើការរៀបចំឧទ្យាន នៃរាជបណ្ឌិតសភាកម្ពុជាទៅជាឧទ្យាន អព្យាក្រឹតកាបូននាពេលឆាប់ៗខាងមុខនេះ ហើយក៏ជាការងារសាកល្បងរួមគ្នា ឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ អនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា។

លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានថ្លែងឡើងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការពារ ធនធានធម្មជាតិរវាងក្រសួងបរិស្ថាន និងរាជបណ្ឌិតសភាកម្ពុជានៅថ្ងៃនេះ គឺមិនមែនមានតែក្នុងក្រដាស់ប៉ណ្ណោះទេ តែជាកិច្ចសហការ និងការស្វែងយល់កាន់តែស៊ីជម្រៅ ក្នុងការអនុវត្តលើនីតិវិធីដែល រាជបណ្ឌិតសភាមានភាពចន្លោះប្រហោង នោះគឺជាក្រមបរិស្ថានដែលជាច្បាប់ការពារ លើធនធានធម្មជាតិក្នុងដែនឧទ្យាន តេជោសែនឫស្សីត្រឹបខេត្តព្រះវិហារ របស់រាជបណ្ឌិតសភាកម្ពុជា ហើយការនេះមិនត្រឹមតែការពារក្នុងក្របខណ្ឌយើងប៉ុណ្ណោះទេ គឺជាការបន្សល់នូវកេរ្តិ៍មរតកធនធានធម្មជាតិ សម្រាប់មនុស្សជំនាន់ក្រោយ តាមរយៈការប្រែក្លាយផ្នត់គំនិត ប្រជាសហគមន៍ពីការចូលព្រៃកាប់ឈើ បរបាញ់សត្វមកស្រឡាញ់ការពារភពផែនដីវិញ។

ជាមួយគ្នានេះលោក ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសម្តែងនូវការសាទរចំពោះ វត្តមានរបស់រាជបណ្ឌិតសភាកម្ពុជា ក្នុងការរួមចំណែកជាមួយយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន នាំកម្ពុជាឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណក្នុងដំណាក់កាលទី១នេះ។ កិច្ចសហការអនុវត្ត គឺជាជំហានដ៏រឹងមាំ និងមានទម្ងន់សម្រាប់វិស័យបរិស្ថានឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុសកល ដែលជាបញ្ហាប្រឈមរបស់យើង ហើយឥតមានព្រំដែនកំណត់នោះឡើយ ជាក់ស្តែងដូចជាខ្យល់អាកាសនាពេលបច្ចុប្បន្ននេះដែរ ថ្វីបើស្ថានភាពខ្យល់នៅកម្ពុជាមានភាពប្រសើរជាង ប្រទេសដទៃក្នុងតំបន់អាស៊ានតែកម្ពុជានៅតែមាន ការប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមចំណែក ជាមួយមិត្តក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសដទៃទៀតនៅលើសកលលោក។

សូមបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានាថ្ងៃនេះ គឺជាសាក្ខីកម្មនៃកម្លាំងសាមគ្គីបន្ថែមពី ថ្នាលបណ្តុះទ្រឹស្តីទៅជាថ្នាលបណ្តុះការអនុវត្ត ដែលស្របតាមជំហានរបស់បរិស្ថាន គឺប្រែក្លាយពីការផ្សព្វផ្សាយ ការប្តេជ្ញាចិត្ត ទៅជាសកម្មភាពនៃការរអនុវត្តផ្ទាល់ ហើយបន្តការអនុវត្តឱ្យទៅជាទំលាប់ប្រចាំថ្ងៃ ដែលមានភាពស្អាត ភាពបៃតង និងចីរភាព៕

To Top