ភ្នំពេញ៖ ស្របពេលធនាគារជាតិនៃកម្ពុជា (NBC) បានដាក់វិធានការ ក៏ដូចជា សារាចរមួយចំនួនដើម្បីសម្រួលអ្នកប្រើប្រាស់កម្ចីដែលផលប៉ះពាល់ដោយការរីករាលរាលនៃជំងឺ COVID-19 ស្ថាប័នហិរញ្ញវត្ថុបាននិងកំពុងចូលរួមអនុវត្តសារាចរទាំងនេះដើម្បីចូលទប់ស្កាត់ការរីករាលជំងឺ ពិសេសជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យរួចផុតពីវិបត្តិមួយនេះ។
លោក អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានថ្លែងប្រាប់តាមទូរស័ព្ទនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២០នេះថា សារាចររបស់ NBC បានណែនាំគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុឲ្យរៀបចំ “ឥណទានឡើងវិញ” ដើម្បីជួយសម្រាលបន្ទុកទៅដល់អ្នកខ្ចីប្រាក់ដែលកំពុងប្រឈមនឹងការធ្លាក់ចុះ និងបាត់បង់ប្រាក់ចំណូល។
លើសពីនេះ NBC បានចេញប្រកាសមួយកាលពីថ្មីៗនេះស្តីពីការបន្ធូរបន្ថយអនុបាទនៃទុនបម្រុងរបស់គ្រឹះស្ថានធនាគារ ដើម្បីជាធនធានគ្រប់គ្រាន់សម្រាប់គាំទ្រដល់ការលូតលាស់របស់ឥណទាន។
លោកបានថ្លែងបន្តថា “គ្រឹះស្ថានធនាគារនៅកម្ពុជាកំពុងអនុវត្តតាមសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជា (NBC) ក្នុងការដោះស្រាយការសងបំណុលដោយមធ្យោបាយទន់ភ្លន់ និងមិនបានរឹបអូសទ្រព្យធានារបស់កម្មករនិយោជិត អំឡុងពេលមានការរីករាលដាលជំងឺ COVID-19”។
លោកបានថ្លែងថា “វិធានការរៀបរាប់ខាងលើនេះគឺមានលក្ខណៈគ្រប់គ្រាន់រួចហើយសម្រាប់គ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុអនុវត្តតាម។ ខ្ញុំយល់ថា មិនចាំមានលិខិតអ្វីត្រូវផ្ញើជូនសម្តេច ហ៊ុន សែន នោះទេ ព្រោះយើងកំពុងអនុវត្តតាមសារាចរណែនាំរបស់ធនាគារជាតិយ៉ាងពេញលេញ”។
លោក អ៉ិន ចាន់នី បានឱ្យដឹងថា គិតមកដល់ពេលនេះធនាគារអេស៊ីលីដាបានផ្តល់កម្ចីឲ្យកម្មករនិយោជិត និងគ្រួសារពួកគេមានចំនួន ២៩៥ ឥណទាន ដែលមានទឹកប្រាក់ជាង ១ លានដុល្លារ។
លោកថ្លែងថា “អាជីវកម្មរបស់ពួកគាត់នៅដំណើរការជាធម្មតា ព្រោះអាជីវកម្មគាត់មិនមានផលប៉ះពាល់ជាមួយការរីករាលដាលជំងឺកូវីដ ១៩ នោះទេ។ កម្ចីដែលខ្ចីពីយើងសម្រាប់ប្រកបរបរដាំដំណាំកសិកម្មចម្រុះរួមមានដាំបន្លែ ធ្វើស្រែជាដើម”។
លោក ប៊ុន មុនី អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិថីបានប្រាប់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏កំពុងចូលរួមអនុវត្តតាមវិធានការរបស់ធនាគារជាតិទាក់ទងនឹងការដោះស្រាយការសងបំណុលប្រកបដោយការអនុគ្រោះក្នុងអំឡុងពេលនេះ។
លោកបន្តថា ទោះបីយ៉ាងណាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏មានបន្ទុកធ្ងន់ក្នុងការសងទៅឲ្យម្ចាស់បំណុលរបស់ខ្លួនវិញផងដែរ ព្រោះទុនវិនិយោគរបស់គ្រឹះហិរញ្ញវត្ថុគឺទទួលបានពីកម្ចីគេដែរ។
លោកថ្លែងថា “ជាការពិតប្រាក់ដែលយើងផ្តល់កម្ចីទៅឲ្យអតិថិជនគឺយើងខ្ចីពីគេ ដូច្នេះការអនុគ្រោះយើងអាចធ្វើទៅបានតាមលទ្ធភាពជាក់ស្តែង។ រហូតមកដល់ពេលនេះពុំទាន់មានអ្នកស្នើសុំពន្យារពេលសងបំណុលនោះទេ ព្រោះអាជីវកម្មពួកគាត់មិនប៉ះពាល់នៅឡើយ កម្ចីយើងភាគច្រើនផ្តល់លើផ្នែកកសិកម្ម”។
តបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានបរិច្ចាគទឹកប្រាក់ចំនួន 100 លានរៀល ជូនចំពោះគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។
លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិប្រាសាក់ បានមានប្រសាសន៍សេចក្តីប្រកាសព័ត៌មានមួយថា ប្រាសាក់ សូមចូលរួមជាកម្លាំងផ្នែកមួយជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ បង្ការ និងព្យាបាលជំងឺកូវីដ19 ដើម្បីសុវត្ថិភាព និងសុខភាពប្រជាជនកម្ពុជា។
លោក សូនី បន្ត “ក្រៅពីការរួមចំណែកជាថវិកាជាមួយរដ្ឋាភិបាល ប្រាសាក់ ក៏បានដាក់ចេញជាវិធានការជាបន្ទាន់ និងយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ 19 ដល់បុគ្គលិក និងអតិថិជន ដោយបានអនុវត្តវិធានផ្នែកអនាម័យល្អ និងសុវត្ថិភាព ដូចជា ការត្រួតពិនិត្យវាស់ស្ទង់សីតុណ្ហភាពរបស់បុគ្គលិក និងអតិថិជនទាំងអស់មុននឹងចូលក្នុងអគារប្រាសាក់ ការលាងសម្អាតដៃជាញឹកញាប់ជាមួយនឹងសាប៊ូឬអាល់កុលលាងដៃ ការពាក់ម៉ាស់ ការរក្សាគម្លាតនៃការប្រាស្រ័យទាក់ទង និងការសម្អាតការិយាល័យជាប្រចាំ”។
ប្រាសាក់ ក៏បានផ្សព្វផ្សាយពីវិធីបង្ការកូវីដ 19 តាមប័ណ្ណផ្សាយ និងចែកខិត្តប័ណ្ណផ្សព្វផ្សាយ ផលិតវីដេអូខ្លីដែលផ្សាយតាម ទំព័រហ្វេសប៊ុកប្រាសាក់ និងផលិតឯកសារអប់រំក្នុងការការពារការឆ្លងជំងឺកូវីដ 19 ផ្សេងទៀតជូនដល់បុគ្គលិកនិងអតិថិជនទាំងអស់ ដើម្បីបញ្ជ្រាបការយល់ដឹងនិងចូលរួមប្រយុទ្ធនឹងការចម្លងជំងឺដ៏កាចសាហាវនេះ។
លើសពីនេះ ប្រាសាក់ ក៏បានលើកទឹកចិត្តឱ្យអតិថិជននិងសាធារណជនងាកមកប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថលវិញ ក្នុងការធ្វើប្រតិបត្តិការសាច់ប្រាក់ ដូចជា ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រទឹក–ភ្លើង ស្គេនទូទាត់តាម QR កូដ តាមរយៈកម្មវិធីសេវាធនាគារចល័តប្រាសាក់ និងសេវាទូទាត់ឆ្លងធនាគារតាមកម្មវិធីបាគងនៅលើទូរស័ព្ទដៃ ដើម្បីចៀសវាងការប្រើប្រាស់សាច់ប្រាក់ដែលមិនចាំបាច់ ដែលអាចមានជាប់បាក់តេរី និងវីរុស ជាយថាហេតុ។
លោកបន្តថា “ក្នុងពេលវេលាដ៏លំបាកនេះ តាងនាមថ្នាក់គ្រប់គ្រងនិងបុគ្គលិកទាំងអស់របស់ប្រាសាក់ ខ្ញុំបាទសូមគោរពជូនពរចំពោះ សម្ដេច ទ្រង់ ឯកឧត្ដម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញាទាំងអស់ សូមមានសុខភាពល្អ និងមានសុវត្ថិភាពគ្រប់ៗគ្នា។ សូមចូលរួមសកម្មភាពការពារខ្លួនអ្នកផ្ទាល់ និងក្រុមគ្រួសារ។ យើងរួមគ្នាដើម្បីបង្ការការឆ្លងជំងឺកូវីដ 19 និងរក្សាបានសុវត្ថិភាពខ្ពស់ទាំងអស់គ្នា!”។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី ល័ក្ខ ដែលបម្រើការនៅក្នុងកាស៊ីណូមួយ (កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលផ្អាកដំណើរការកាស៊ីណូបណ្ដោះអាសន្ន) នៅក្រុងបាវិតខេត្តស្វាយរៀង បានប្រាប់ថា ធនាគារ នឹងគ្រិះស្ថានហិរញ្ញគួរតែផ្អាកយកទាំងការប្រាក់ និងថ្លៃដើមសងក្នុងរយៈពេលសមស្របណាមួយ ដោយសារលោកស្រីលែងមានប្រាក់ចំណូលសម្រាប់ការបង់ធនាគារ។
លោកស្រីបាននិយាយថា “រដ្ឋាភិបាលបានចេញប្រកាសផ្អាកដំណើរការបណ្តោះអាសន្ន ដោយសារការរីករាលដាលជំងឺ COVID-19 ហើយធ្វើឱ្យខ្ញុំបាត់បង់ប្រាក់ចំណូល និងមិនដឹងពេលណាបានទទួលបានប្រាក់ខែវិញ”។
លោកស្រី បានបន្តថា “ខ្ញុំស្នើសុំរដ្ឋាភិបាលឱ្យជួយពួកខ្ញុំ ដែលប្រើប្រាស់កម្ចីពីធនាគារថា ធនាគារគួរកុំយកទាំងការ និងទាំងដើម អំឡុងពេលនេះ”។
លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានថ្លែងប្រាប់ទូរទស្សន៍ CNBC ដែលមានមូលដ្ឋាននៅអាមេរិកថា រដ្ឋាភិបាលដាក់ចេញកញ្ចប់ថវិកាជំរុញសេដ្ឋកចិច្ច ២ ពាន់លានដុល្លារ ដើម្បីត្រៀមស្តារសេដ្ឋកិច្ចដែលរងប៉ះពាល់ដោយការរីករាលដាលជំងឺ COVID-19។
លោកស្រី បានថ្លែងថា “រដ្ឋាភិបាលកម្ពុជាបានរៀបចំកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចជាតិ ២ ពាន់លានដុល្លារ ខណៈធនាគារជាតិបានស្នើដល់ធនាគារដើម្បីសម្រាលដល់សេដ្ឋកិច្ចជាតិដែលកំពុងរងគ្រោះដោយការរីករាលដាលដោយ COVID-19”។
ធនាគារជាតិនឹងផ្តល់នូវការសម្របសម្រួលមួយចំនួនដូចជា ទី១- ការត្រូវផ្តល់ការពន្យាឫ កាត់បន្ថយអាត្រាការប្រាក់ គឺជាសិទ្ធរបស់វិស័យឯកជន។ ដូចអ្នករកស៊ីដទៃទៀតដែរ រដ្ឋមិនអាចឲ្យគេលក់ក្នុងតម្លៃមួយដែលគេខាតបានទេ។ នៅបរទេសគេធ្វើបាន ព្រោះរដ្ឋគេចេញខាតជំនួស តាមរយៈការមិនយកពន្ធឫវិធានការផេ្សងៗ។
យើងអាចបង្ខំឲ្យធនាគារធ្វើបាន លុះត្រាតែធនាគារ ទទួលផលប្រយោជន៏អី្វមួយពីរដ្ឋវិញ។ បើយើងជាអ្នករកស៊ី ហើយរដ្ឋឲ្យយើងលក់ថោកជាងធម្មតា ដោយមិនចេញខាតឲ្យ ក៏យើងមិនសុខចិត្តដែរ។
ទី២ ការទាមទាឱ្យមានវិធានការជាលក្ខណៈទូទៅ មិនរើសមុខ ក្នុងការពន្យាការយកការប្រាក់ឫប្រាក់ដើម ក៏មិនអាចធ្វើបានដែរ ព្រោះត្រូវចំណាយធនធានធំណាស់ដើម្បីធ្វើការងារនេះ។ ធនាគារប្រៀបដូចមេតុងទីនអញ្ចឹងដែរ បើអ្នកដេញបានមុនមិនបង់ចូលក្រុម មេតុងទីនត្រូវទទួលខុសត្រូវ ហើយអ្នកក្រោយក៏អត់បានដេញដែរ។ ណាមួយមិនដឹងថាវិបត្តិនេះបន្តយូរប៉ុណ្ណាទេ ដូច្នេះធនាគារគេចង់ជួយអ្នក ដែលជួបបញ្ហាពិតប្រាកដនិងធ្ងន់ធ្ងរ។
ដូច្នេះត្រូវជួយអ្នកពិបាកពិតប្រាកដមុនគេ ព្រោះធនាគារក៏មានធនធានមានកម្រិតដែរ។ ជាពិសេសបើអ្នកមានលុយសល់ឈប់ផ្ញើនៅធនាគារ ធនាគារក៏ពុំមានទុនបង្វិលដែរ។ ទី៣ មានសំនួរថាបើអញ្ចឹង ធ្វើអីមិនបានៗ ទុកឲ្យអ្នករកស៊ី តូចតាចស្លាប់ឫ? អត់ដល់ម្លឹងទេ។ ដូច្នេះហើយបានជាធនាគារជាតិនៃកម្ពុជា ចេញសេចក្តីណែនាំឲ្យគ្រឹះស្ថានសម្រួលនិងមានភាពទន់ភ្លន់ តាមស្ថានភាពជាក់ស្តែង។ បើគាត់គិតថាអតិថិជនណាមួយជួបវិបត្តពិតប្រាកដ ដោយសារ Covid ១៩ នោះគាត់នឹងជួយ ហើយអាចជួយលើសពីការស្នើរសុំពីអាជ្ញាធរទៀត។
ប៉ុន្តែបើក្រុមហ៊ុននោះតាមពិតទៅជួបបញ្ហា តាំងតែពីមុនវីរ៉ុសវាយលុគ នោះគេអាចមិនជួយ ព្រោះទោះជាស្ថានភាពបច្ចុប្បន្នល្អឡើងវិញ ក៏ស្រោចស្រង់មិនរួចដែរ។
ទី៤ ជាថ្នូរនឹងការអនុវត្តនេះ ធនាគារជាតិនៃកម្ពុជាបានចេញវិធានការ៥យ៉ាងដើម្បីជួយគ្រឹះស្ថានវិញ។ ដោយមិនបាច់ចូលជ្រៅក្នុងបច្ចេកទេសធនាគារ យើងគ្រាន់តែដឹងថាវិធានការទាំងនេះមានគោលបំណង បន្ថូរបន្ថយ ថ្លៃដើម នៃដើមទុនរបស់គ្រឹះស្ថាន ដើម្បីឱ្យគាត់បន្តផ្តល់ឥណទាន ក្នុងតម្លៃទាបដល់អតិថិជន និងមានសាច់ប្រាក់ច្រើនក្នុងដៃរដើម្បីផ្តល់ភាពងាយស្រួល ដល់ការសម្រេចចិត្តពន្យាពេលសងរបស់គាត់៕
ប្រភព៖ propertyarea.asia