បរទេស៖ ប្រទេសថៃ និង ប្រទេសហ្សកហ្ស៊ី បាននិយាយថា ប្រទេសទាំងពីរកំពុងស៊ើបអង្កេតលើក្រុមជួញដូរមនុស្ស ដែលអង្គការក្រៅរដ្ឋាភិបាលថៃនិយាយថា ជាប់ពាក់ព័ន្ធក្នុងការយកពងចេញពីអូវ៉ែរបស់ស្រ្តីថៃនាំយកទៅប្រទេស South Caucasus ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងមហាផ្ទៃរបស់ប្រទេសហ្សកហ្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានធ្វើមាតុភូមិនិវត្តន៍ស្ត្រីជនជាតិថៃបីនាក់ ដែលខ្លួនបាននិយាយថា បានធ្វើការជាម្តាយពពោះជំនួសនៅក្នុងប្រទេស។ ក្រសួងបាននិយាយថា ជនបរទេសបួននាក់ត្រូវបានគេសាកសួរជាផ្នែកមួយនៃការស៊ើបអង្កេត។
ហ្សកហ្ស៊ីមិនមានច្បាប់ជាក់លាក់ទាក់ទងនឹងការពពោះជំនួសនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនដែលប្រតិបត្តិការនៅទីនោះផ្សព្វផ្សាយសេវាកម្មរបស់ពួកគេ ហើយការរៀបចំពពោះជំនួសត្រូវបានចាត់ទុកថាជាកិច្ចសន្យាស្របច្បាប់។ រដ្ឋាភិបាលហ្សកហ្ស៊ីបាននិយាយថា ខ្លួនកំពុងស្ថិតក្នុងដំណើរការប្រកាសថា វាខុសច្បាប់។
លោក Surapan Thaiprasert មេបញ្ជាការផ្នែកកិច្ចការបរទេសនៃប៉ូលិសភូមិន្ទថៃ បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃសុក្រថា អាជ្ញាធរថៃកំពុងស៊ើបអង្កេត។
ជនរងគ្រោះម្នាក់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងប្រទេសថៃក្នុងសប្តាហ៍នេះ ដោយមិនបញ្ចេញឈ្មោះ ពាក់ម៉ាស់ និងមួក។ នាងបាននិយាយថា នាងបានឆ្លើយតបនឹងការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ស្ត្រីពពោះជំនួសដែលនឹងរស់នៅជាមួយក្រុមគ្រួសារ និងត្រូវបានប្រាក់ខែ ២៥.០០០ បាតក្នុងមួយខែ។ នាងបាននិយាយថាបន្ទាប់ពីយល់ព្រមហើយ នាងត្រូវបានគេនាំទៅ Georgia តាមរយៈទីក្រុង Duba៕
ប្រែសម្រួលៈ ណៃ តុលា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)