វ៉ាស៊ីនតោន៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានឲ្យដឹងថា ក្រុមហ៊ុន Nippon Steel Corp. របស់ប្រទេសជប៉ុន នឹងលែងស្វែងរកការកាន់កាប់ទាំងស្រុងលើក្រុមហ៊ុន United States Steel Corp. ប៉ុន្តែក្រុមហ៊ុននេះនឹង “វិនិយោគយ៉ាងខ្លាំង” នៅក្នុងក្រុមហ៊ុនផលិតរបស់សហរដ្ឋអាមេរិក។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅឯសេតវិមានបន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba លោក ត្រាំ បាននិយាយច្រើនដងថា ក្រុមហ៊ុនដែលគ្រោងនឹងវិនិយោគគឺក្រុមហ៊ុន Nissan Motor Co មន្ត្រីសហរដ្ឋអាមេរិកមួយរូបក្រោយមកបានបញ្ជាក់ថាលោក ត្រាំ បានហៅច្រឡំថា ក្រុមហ៊ុន Nippon Steel ជាក្រុមហ៊ុនផលិតរថយន្តជប៉ុន។
លោក ត្រាំ បានលើកឡើងថា “ខ្ញុំចូលចិត្តគំនិតនេះ ។ ក្រុមហ៊ុន US Steel គឺជាក្រុមហ៊ុនដ៏សំខាន់សម្រាប់ពួកយើង” ដោយបន្ថែមថា លោកនឹងសម្រុះសម្រួល កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុនជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
លោកបានលើកឡើងថា “ខ្ញុំមិនចង់ទិញទេ ប៉ុន្តែការវិនិយោគដែលខ្ញុំចូលចិត្ត”។ ខណៈពេលដែលភាពជាក់លាក់នៃផែនការនេះនៅតែមិនច្បាស់លាស់ លោក ត្រាំ បានលើកឡើងថា លោកមានការរំភើប ចំពោះកិច្ចប្រជុំជាមួយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nippon Steel នៅសប្តាហ៍ក្រោយ។
ទាំង ត្រាំ និងអ្នកស្នងតំណែងមុនរបស់លោក គឺលោក ចូ បៃដិន បានជំទាស់ម្តងហើយម្តងទៀតចំពោះការលក់ក្រុមហ៊ុនផលិតដែករបស់សហរដ្ឋអាមេរិក ដែលប្រឈមមុខនឹងការប្រយុទ្ធទៅឱ្យ Nippon Steel ។
ការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើល និងច្របូកច្របល់នេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីលោក ត្រាំ ត្រូវបានគេរាយការណ៍ថា បានជួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុនដែកថែបអាមេរិកលោក David Burritt នៅសេតវិមាន៕
ប្រែសម្រួល ឈូក បូរ៉ា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)