គែរ៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសុក្រ ក្នុងអំឡុងពេលដែលអ្នកទាំងពីរបានបញ្ជាក់ពីការច្រានចោលការផ្លាស់ប្តូរជនជាតិប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សា។
យោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអេហ្ស៊ីប អ្នកទាំងពីរបានអំពាវនាវឱ្យពន្លឿនការកសាងតំបន់ហ្គាហ្សាឡើងវិញ បដិសេធរាល់ការប៉ុនប៉ងផ្លាស់ប្តូរទីលំនៅរបស់ប៉ាឡេស្ទីន និងបានជំរុញឱ្យមានការខិតខំប្រឹងប្រែងជាសកលដើម្បីធានាថា ប៉ាឡេស្ទីន នៅតែមាននៅក្នុងទឹកដីរបស់ពួកគេ។
សេចក្តីថ្លែងការណ៍បានបង្ហាញថា ដំណោះស្រាយរដ្ឋពីរ ជាមួយនឹងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយដែលមានទីក្រុងហ្សេរុយសាឡឹមខាងកើត ជារដ្ឋធានីរបស់ខ្លួនដោយផ្អែកលើព្រំដែនឆ្នាំ១៩៦៧ គឺជាមធ្យោបាយតែមួយគត់ ដើម្បីសម្រេចបាននូវសន្តិភាពប្រកបដោយនិរន្តរភាព និងស្ថិរភាពដែលចង់បាននៅមជ្ឈិមបូព៌ា។
សេចក្តីថ្លែងការណ៍បានបង្ហាញថា ពួកគេក៏បានយល់ព្រមលើតួនាទីកណ្តាលរបស់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ជិតបូព៌ា (UNRWA) និងតម្រូវការសម្រាប់កិច្ចខិតខំប្រឹងប្រែងជាសកល ដែលបានសម្របសម្រួលដើម្បីគាំទ្រ UNRWA ដើម្បីអនុវត្តភារកិច្ចរបស់ខ្លួនស្របតាមដំណោះស្រាយ ដែលពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា កិច្ចពិភាក្សាតាមទូរស័ព្ទនេះក៏បានប៉ះពាល់ដល់ការអភិវឌ្ឍន៍នៅក្នុងប្រទេសលីបង់ ស៊ីរី ស៊ូដង់ លីប៊ី និងសូម៉ាលីផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)