ព័ត៌មានជាតិ

កងពលតូចដឹកជញ្ជូនលេខ៩៩ បានជួយសង្រ្គោះស្រែប្រាំងខ្វះទឹកជាង ៦០០ហិកតា នៅស្រុកចន្ទ្រា

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១១ កុម្ភៈនេះ មានរយៈពេល ១០ថ្ងៃដែលកងទ័ពកងពលតូចដឹកជញ្ជូនលេខ៩៩ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការរកងពលតូចដឹកជញ្ជូនលេខ៩៩ បានឈរជើងជួយអន្តរគមន៍បូមទឹក សង្គ្រោះស្រែប្រាំងប្រជាពលរដ្ឋក្នុងឃុំចំនួន៣ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀងដែលទទួលរងផលប៉ះពាល់ នៃកង្វះទឹកស្រោចស្រពក្នុងផ្ទៃដី ៦៥៧ហិកតា ក្នុងចំណោមស្រែប្រាំងចំនួន៤៧៤២ហិកតា។

ក្នុងយុទ្ធនាការសង្គ្រោះស្រែប្រាំង ជូនប្រជាពលរដ្ឋដោយមានកិច្ចសហការ រវាងកងពលតូចដឹកជញ្ជូនលេខ៩៩ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ជាលទ្ធផលបានជួយសង្គ្រោះស្រែប្រាំងប្រជាពលរដ្ឋ ទាន់ពេលវេលាដោយបានបូមទឹក បញ្ជូលតាមប្រឡាយគ្រប់គ្រាន់ ហើយពេលនេះស្រែប្រាំងរបស់ ប្រជាពលរដ្ឋមួយចំនួនក៏ចេញផ្លែផ្កាបណ្តើរៗ ។ ជាមួយគ្នានោះដែរ កងទ័ពក៏ថែមទាំងជួយទប់ទំនប់ ជូនប្រជាពលរដ្ឋផងដែរ។

សូមបញ្ជាក់ថា ក្រោយមានបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បទបញ្ជារបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ ដោយគោរពបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតបការសង្គ្រោះ គ្រោះមន្តរាយក្រសួងការពារជាតិ និងបទបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុក្រសួងការពារជាតិ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន កាលពីថ្ងៃទី២ ខែកុម្ភៈកន្លងទៅថ្មីៗនេះ បានដឹកនាំកម្លាំងទ័ពចំនួន១៥០នាក់ រួមនិងម៉ាស៊ីនបូមទឹកចំនួន៣០គ្រឿង ទុយោបូមទឹក ចប បង្គី និងសម្ភារៈចាំបាច់មួយចំនួន ចុះជួយអន្តរាគមន៍ដោយផ្ទាល់ជាមួយអាជ្ញាធរស្រុកចន្ទ្រា ដើម្បីជួយសង្គ្រោះស្រូវ ប្រជាពលរដ្ឋដែលកំពុងប្រឈមនិងកង្វះទឹកស្រោចស្រព ស្ថិតនៅឃុំសំរោង ឃុំទួលស្តី និងឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ចំនួន៦៥៧ហិកតា ក្នុងចំណោមស្រែប្រាំង សរុបចំនួន៤៧៤២ហិកតា ៕

To Top