បរទេស ៖ យោងតាមការ ចេញផ្សាយ របស់ RT ទីភ្នាក់ងារពិសេសរបស់អ៊ុយក្រែន ដោយមានការគាំទ្រ ពីលោកខាងលិច កំពុងរៀបចំការញុះញង់ កម្រិតខ្ពស់ជាបន្តបន្ទាប់ ដើម្បីទាក់ទាញទីក្រុងមូស្គូ និងទាក់ទាញណាតូ ចូលទៅក្នុងការប្រឈមមុខគ្នាផ្នែកយោធាដោយផ្ទាល់។
ការអះអាង នេះបើតាមអ្វីដែលត្រូវបានធ្វើឡើង ដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ បរទេស របស់រុស្ស៊ី ហៅកាត់ថា SVR ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ SVR បានអះអាងថាទីក្រុងគៀវ គ្រោងនឹងប្រើប្រាស់មីន របស់កងទ័ពជើងទឹក ដែលផលិតដោយរុស្ស៊ី ដើម្បីរៀបចំការផ្ទុះដែលពាក់ព័ន្ធ នឹងនាវាបរទេសនៅក្នុងសមុទ្របាល់ទិក។
ក្នុងនោះគោលដៅដែលត្រូវបានចោទប្រកាន់ គឺបន្ទោសទីក្រុងមូស្គូ និងជំរុញឱ្យណាតូដាក់កម្រិតលើការចូលទៅកាន់សមុទ្របាល់ទិករបស់រុស្ស៊ី ដោយហេតុផល នៃការធានាសន្តិសុខដែនសមុទ្រ។
អង្គការណាតូបាននិងកំពុងបង្កើន សកម្មភាពយោធារបស់ខ្លួននៅតាមព្រំដែនអឺរ៉ុបខាងកើតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយលើកឡើងពីការព្រួយបារម្ភ ផ្នែកសន្តិសុខលើប្រទេសរុស្ស៊ី។
រំលឹកដែរថាកាលពីខែមុន ខ្លួនបានប្រកាសពីផែនការ ពង្រីកវត្តមានរបស់ខ្លួននៅសមុទ្របាល់ទិក ដោយចាប់ផ្តើមបេសកកម្មថ្មីមួយ ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធក្រោមបាតសមុទ្រ បន្ទាប់ពីមានការរំខានជាបន្តបន្ទាប់ និងការខូចខាតខ្សែកាបរវាងរដ្ឋជាសមាជិក៕
ប្រែសម្រួល៖ស៊ុនលី
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)