សេអ៊ូល ៖ ប្រធានាធិបតីស្តីទីលោក Choi Sang-mok បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងសេអ៊ូល នឹងបើកកិច្ចប្រជុំយុទ្ធសាស្ត្រ នាំចេញនៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីវិធានការនានា ក្នុងគោលបំណងកាត់បន្ថយផល ប៉ះពាល់នៃការដំឡើងពន្ធចុងក្រោយបង្អស់ របស់សហរដ្ឋអាមេរិក ។
កាលពីថ្ងៃចន្ទ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីផែនការដាក់ពន្ធ ២៥ ភាគរយលើការនាំចូលដែក និងអាលុយមីញ៉ូមទាំងអស់។ លោកបានបញ្ជាក់បន្ថែមថា រដ្ឋបាលរបស់លោកនឹងបង្ហាញពី “ពន្ធទៅវិញទៅមក” នៅសប្តាហ៍នេះ ខណៈដែលក៏កំពុងពិចារណាអំពីពន្ធថ្មីលើយានយន្ត ឧបករណ៍អេឡិចត្រូនិក និងឱសថ។
លោក Choi បានឲ្យដឹងក្នុងអំឡុង កិច្ចប្រជុំជាមួយរដ្ឋមន្ត្រី ស្តីពីបញ្ហាសេដ្ឋកិច្ចថា “ភាពមិនច្បាស់លាស់ នៅក្នុងបរិយាកាសពាណិជ្ជកម្មពិភពលោក កំពុងកើនឡើង” នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់។
លោក បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនឹងវាយតម្លៃយ៉ាងហ្មត់ចត់ នូវផលប៉ះពាល់សក្តានុពល នៃពន្ធគយរបស់សហរដ្ឋអាមេរិក លើឧស្សាហកម្មផ្សេងៗ និងចាត់វិធានការតបតយ៉ាង ទូលំទូលាយប្រសិនបើចាំបាច់។ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង លោក Choi បានលើកឡើងថា រដ្ឋាភិបាលនឹងរៀបចំកិច្ច ប្រជុំយុទ្ធសាស្ត្រ ដើម្បីពិភាក្សាអំពីវិធានការគាំទ្រ សម្រាប់អាជីវកម្ម និងស្វែងរកមធ្យោបាយដើម្បីធ្វើពិពិធកម្មទីផ្សារនាំចេញ៕