ភ្នំពេញ ៖ ដោយសារមើលឃើញ បញ្ហាអនាម័យ នៅតាមបណ្តោយផ្លូវនានា ពុំមានសោភ័ណ្ឌភាពស្រសស្អាត លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជា ឲ្យគ្រប់អភិបាលរាជធានី-ខេត្ត ត្រូវសម្អាតផ្លូវជាប់ជាប្រចាំ កុំចាំបាច់សម្អាតរាល់ពេល មានថ្នាក់ដឹកនាំឆ្លងកាត់ ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-13_16-08-19-768x1024.jpg)
នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាត ត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំង អនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»នាថ្ងៃ១៣ កុម្ភៈ លោកឧបនាយករដ្ឋមន្រ្តី ស សុខាបានមានប្រសាសន៍ថា រាល់ពេលលោកបានធ្វើដំណើរ ចុះបេសកកម្មនៅ តាមបណ្តាខេត្តនានា គឺបញ្ហាអនាម័យនៅតាមស្ពាន ឬរង្វង់មូលជាដើមនោះមានទឹកដក់ ឬកម្អែលដីជាប់ នៅលើកម្រាលផ្លូវយ៉ាងក្រាស់ ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដោយសារពេលភ្លៀង ធ្លាក់នឹងមានដីជាប់ម៉ូតូ ឬរថយន្តនាំឲ្យរអិល ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-13_16-08-23-768x1024.jpg)
លោកថា កាលណាមានទឹកដក់ និងកម្អែលដីជាប់ក្រាស់នេះ នឹងធ្វើឲ្យគុណភាពផ្លូវ និងស្ពានឆាប់ខូចខាតមុនអាយុកាលកំណត់ ។ ដូច្នេះចំណុចនេះ ត្រូវពិនិត្យឡើងវិញ។
លោករដ្ឋមន្រ្តីគូសបញ្ជាក់ថា “ឲ្យតែមានថ្នាក់ដឹកនាំឆ្លង កាត់ផ្លូវណាគឺផ្លូវនោះស្អាត ខ្ញុំអត់ចង់ឲ្យមានគំនិតចឹងទេ ។ ប៉ុន្មានថ្ងៃមុន ថ្នាក់ដឹកនាំបានឆ្លងកាត់ផ្លូវជាតិលេខ១ ព្រៃវែង ស្វាយរៀងដឹងតែស្អាត ។ ប៉ុន្តែជារួមយើងអត់ចង់បានចឹងទេ ឲ្យយើងសម្អាតជាប្រចាំ ជាពិសេសកន្លែងសាមញ្ញៗមួយចំនួន ទីប្រជុំជន រង្វង់មូល លើស្ពាន”។
ចំពោះបញ្ហាអនាម័យលើសម្រាមវិញ លោកឧបនាយករដ្ឋមន្រ្តី ក៏ឲ្យអភិបាលរាជធានី-ខេត្តត្រូវពិនិត្យនិងគ្រប់គ្រងឡើងវិញផងដែរ ដើម្បីភាពស្រសស្អាតនៅតាមដងផ្លូវ ៕
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-13_16-08-27-768x1024.jpg)
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-13_16-08-30-768x1024.jpg)
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-13_16-08-33-768x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)