មុយនិក៖ ក្រុមប្រទេសឧស្សាហកម្មទាំងប្រាំពីរ G7 បានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែង ដើម្បីសម្រេចបាន នូវសន្តិភាព នៅក្នុងប្រទេសអ៊ុយក្រែន និងបានរំលឹកឡើងវិញ នូវការប្តេជ្ញាចិត្ត របស់ពួកគេ ចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក “សេរី បើកចំហ និងសុវត្ថិភាព” ចំពេលមានការអះអាង របស់ប្រទេសចិន ខណៈដែលរដ្ឋមន្ត្រីការបរទេស របស់ពួកគេបានប្រមូលផ្តុំគ្នា សម្រាប់កិច្ចប្រជុំបែបនេះ ជាលើកដំបូង ចាប់តាំងពីប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ចូលកាន់តំណែង ក្នុងខែមករា ។
កិច្ចប្រជុំនៅប្រទេសអាល្លឺម៉ង់ ដែលធ្វើឡើង នៅគែមនៃសន្និសិទ សន្តិសុខទីក្រុងមុយនិក បានកើតឡើង ខណៈដែលការព្រួយបារម្ភកំពុងកើនឡើង ក្នុងចំណោមប្រជាជាតិអឺរ៉ុប អំពីការចាកចេញពីការចរចាសន្តិភាពអ៊ុយក្រែន ដែលសហរដ្ឋអាមេរិក និងរុស្ស៊ី កំពុងរៀបចំផែនការ ក្នុងគោលបំណង ដើម្បីបញ្ចប់ការឈ្លានពានជិត ៣ឆ្នាំរបស់ទីក្រុងម៉ូស្គូមក លើអ្នកជិតខាងរបស់ខ្លួន ។
ប៉ុន្តែរដ្ឋមន្ត្រីការបរទេសនៃ G7 ដែលមានអង់គ្លេស កាណាដា បារាំង អាឡឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក បូករួមទាំងសហភាពអឺរ៉ុប បានឈានដល់ការឯកភាព គ្នាមួយកម្រិតលើបញ្ហានេះ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបានចេញ ផ្សាយបន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ រដ្ឋមន្ត្រីការបរទេស G7 “បានគូសបញ្ជាក់ការប្តេជ្ញាចិត្តរបស់ពួកគេក្នុង ការធ្វើការរួមគ្នា ដើម្បីជួយឱ្យសម្រេចបាននូវសន្តិភាពយូរអង្វែង និងអ៊ុយក្រែនដ៏រឹងមាំ និងវិបុលភាព ហើយបានបញ្ជាក់សារជាថ្មី អំពីតម្រូវការក្នុងការ អភិវឌ្ឍការធានាសន្តិសុខដ៏រឹងមាំ ដើម្បីធានាថាសង្រ្គាម នឹងមិនចាប់ផ្តើមម្តងទៀត” ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា សមាជិក G7 ក៏បានបញ្ជាក់ជាថ្មីនូវការគាំទ្រ ឥតងាករេរបស់ពួកគេ ចំពោះអ៊ុយក្រែន ក្នុងការការពារសេរីភាព អធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ដោយកត់សម្គាល់ថា រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន Andrii Sybiha ក៏បានចូលរួមក្នុងការពិភាក្សាផងដែរ។
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Takeshi Iwaya បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការរួបរួមក្នុងចំណោម G7 ដោយផ្អែកលើទស្សនៈថាសន្តិសុខរបស់អឺរ៉ុប និងឥណ្ឌូប៉ាស៊ីហ្វិក កំពុងក្លាយជា “ភាពមិនអាចបំបែកបានកាន់តែខ្លាំងឡើង” ៕
ប្រែសម្រួល ឈូក បូរ៉ា
