សេអ៊ូល ៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Tae-yul បានបញ្ជាក់ថា កូរ៉េខាងត្បូង “គ្មានការសង្ស័យ” ចំពោះការប្តេជ្ញាចិត្តផ្នែកសន្តិសុខ របស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយលើកឡើងពីការគាំទ្រទ្វេភាគីយ៉ាងខ្លាំងពី សភាសហរដ្ឋអាមេរិក។
ថ្លែងនៅក្នុងសម័យប្រជុំមួយក្នុងអំឡុងសន្និសីទ សន្តិសុខទីក្រុងមុយនិក នៅប្រទេសអាល្លឹម៉ង់កាលពីថ្ងៃសៅរ៍ លោក Cho បាននិយាយអំពីការព្រួយ បារម្ភអំពីថា តើវិធីសាស្រ្តគោល នយោបាយ ការបរទេសរបស់លោក ត្រាំ អាចប៉ះពាល់ដល់ការ ប្តេជ្ញាចិត្តសន្តិសុខរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះទីក្រុងសេអ៊ូលដែរឬទេ។
លោក Cho បានឲ្យដឹងជាភាសា អង់គ្លេសថា “ប្រធានាធិបតី ត្រាំ បាននឹងកំពុងដោះស្រាយ ជាមួយទំនាក់ទំនង បរទេសតាមទស្សនៈកិច្ច ប្រតិបត្តិការ ប៉ុន្តែមានការគាំទ្រទ្វេភាគីដ៏រឹងមាំនៅក្នុងទីក្រុងវ៉ាស៊ីនតោន អំពីសម្ព័ន្ធភាពកូរ៉េ- សហរដ្ឋអាមេរិក និងសារៈសំខាន់ នៃសម្ព័ន្ធភាពកូរ៉េ-សហរដ្ឋអាមេរិក មិនត្រឹមតែក្នុងការដោះស្រាយបញ្ហា ក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ហា សន្តិសុខពិភពលោកផងដែរ” ។
លោកបានបន្ថែមថា “យើងគ្មានការសង្ស័យអំពីការ ប្ដេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ចំពោះសម្ព័ន្ធភាពដែកនិងភាពរឹងមាំនោះទេ” នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់។
លោកបានទទួលស្គាល់ថា រដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន ទំនងជាទាមទារឱ្យទីក្រុងសេអ៊ូល ដើរតួនាទីកាន់តែធំ ក្នុងការដោះស្រាយ បញ្ហាប្រឈមផ្នែកសន្តិសុខ ក្នុងតំបន់ ជាពិសេសក្នុងការឆ្លើយតប ទៅនឹងការបង្កើនកិច្ច សហប្រតិបត្តិការយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង។
ជាការឆ្លើយតបទៅនឹងការអំពាវនាវកាន់តែខ្លាំងឡើង សម្រាប់អាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងត្បូង លោកបានលើកឡើងថា វានៅតែមិនទាន់គ្រប់ខែដើម្បីពិភាក្សាអំពី “ផែនការ B” ដែលនឹងមានផលប៉ះពាល់ ផ្នែកសន្តិសុខកាន់ តែទូលំទូលា យលើសពីឧបទ្វីបកូរ៉េ៕
ប្រែសម្រួល ឈូក បូរ៉ា
