ភ្នំពេញ ៖ ក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានដំណើរការពិភាក្សាគ្នា ដើម្បីពង្រឹងការអភិរក្សសត្វត្មាតនៅក្នុងពិភពលោក។នេះជាជំនួបសន្ទនាលើកដំបូងសម្រាប់កម្ពុជា ជាមួយក្រុមអ្នកជំនាញ និងអ្នកអភិរក្សនៃប្រទេសមានវត្តមានសត្វត្មាតដូចជា បង់ក្លាដេស ឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន និងមីយ៉ាន់ម៉ា។ ក្នុងឱកាសនេះ ក៏មានអ្នកជំនាញមកពីប្រទេសថៃ ដែលមានគម្រោងសិក្សាពីការត្រៀមបង្កាត់ពូជសត្វត្មាត ដើម្បីបង្កើតឱ្យមានវត្តមាននៅក្នុងប្រទេសរបស់ខ្លួនផងដែរ។

លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ចាត់ទុកថាវេទិកានេះ ជាឱកាសដ៏សំខាន់មួយ សម្រាប់អ្នកជំនាញ បានបង្ហាញពីវឌ្ឍនភាព បញ្ហាប្រឈម និងយុទ្ធសាស្រ្តនានា ដើម្បីធានាបាននូវអនាគតដ៏មានសុវត្ថិភាព សម្រាប់សត្វត្មាតដែលជិតផុតពូជនៅក្នុពិភពលោក។ លោក មានប្រសាសន៍ថា កម្ពុជា គឺជាក្តីសង្ឃឹមចុងក្រោយ សម្រាប់ប្រភេទសត្វត្មាតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈចំនួនបានធ្លាក់ចុះពាក់កណ្តាល ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ «អស់រយៈពេលជិតពីរទស្សវត្សមកហើយ ដែលក្រសួងបរិស្ថាន និងក្រុមការងារសត្វត្មាតកម្ពុជា បានធ្វើការក្នុងភាពជាដៃគូជិតស្និទ្ធ ដើម្បីការពារសត្វត្មាតរស់នៅទាំងបីប្រភេទរបស់កម្ពុជា។ តាមរយៈកិច្ចខិតខំប្រឹងប្រែងអភិរក្សរួមគ្នា យើងបានអនុវត្តកម្មវិធីជាច្រើននៅទូទាំងតំបន់ការពារជាច្រើន ដើម្បីដោះស្រាយការគំរាមកំហែងសំខាន់ៗ តាមដានចំនួនប្រជាសាស្ត្រ និងធានាការរស់រានមានជីវិតរយៈពេលវែងរបស់ពួកវា។» ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងបន្ថែម។

លោក ប៊ូ វរសក្ស នាយកអង្គការជិវិតធម្មជាតិនៅកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសឥណ្ឌូចិន ដែលនៅមានសត្វត្មាតជិតផុតពូជចំនួនបីប្រភេទ គឺត្មាតភ្លើង ត្មាតផេះ និងត្មាតត្នោត។ លោកបញ្ជាក់ថា «ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ក្រុមការងារ យើងអាចបញ្ជាក់បានថា ចំនួនប្រជាសាស្ត្រសត្វត្មាតនៅកម្ពុជា ស្ថិតក្នុងស្ថានភាពថេរ ដោយតាមទិន្នន័យជំរឿនចុងក្រោយនេះចំនួនរបស់ពួកវាទាំងបីប្រភេទ មានប្រហែល១៣០ក្បាល។ អ្នកជំនាញបានលើកឡើងថា សត្វត្មាត រងការគំរាមកំហែងដូចជា៖ ការពុល កង្វះចំណីអាហារ ការបាត់បង់ជម្រក និងសកម្មភាព រំខានដោយមនុស្ស ដែលការណ៍នេះ ត្រូវតែមានកិច្ចសហប្រតិបត្តិការពីបណ្តាអ្នកពាក់ព័ន្ធទាំងអស់។

លោកស្រី Jemima Parry-Jones ប្រធានសមាគមនៃអង្គការមកពីប្រទេសចំនួនប្រាំមួយសម្រាប់ការសង្គ្រោះសត្វត្មាតអាស៊ីពីការផុតពូជ (SAVE) បានអំពាវនាវឱ្យមានការចូលរួមអភិរក្ស និងការពារសត្វត្មាត ដោយសារវាជាអ្នកដែលសម្អាតបរិស្ថានដោយស៊ីគម្រង់សាកសពសត្វផ្សេងទៀតជាអាហារ។ លោកស្រី ថ្លែងថា ការការពារ និងអភិរក្សសត្វត្មាត បានគង់វង្ស វាជាការថែរក្សាមរតកធម្មជាតិដ៏ មានតម្លៃមហាសាលសម្រាប់កម្ពុជា និងពិភពលោកទាំងមូល ព្រមទាំងជាតម្លៃសម្រាប់ការអភិរក្សជីវៈចម្រុះ និងការទាក់ទាញភ្ញៀវទេសចរ។

សូមបញ្ជាក់ថា សត្វត្មាត មានតួនាទីសំខាន់ក្នុងធម្មជាតិនោះគឺជាអ្នកសម្អាតបរិស្ថាន និងត្រូវចាត់ទុកជាសត្វមានតម្លៃសម្រាប់វិស័យទេសចរណ៍ធម្មជាតិ។ ត្មាតត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុត ក្នុងបញ្ជីក្រហមនៃអង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ(IUCN)។ បច្ចុប្បន្ន ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា បានបង្កើតឡើងដោយរួមមាន តំណាងក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងគ្រឹះស្ថានសិក្សាជាន់ខ្ពស់ ក្នុងគោលបំណង ទប់ស្កាត់ការផុតពូជរបស់សត្វត្មាតនៅកម្ពុជា។

កិច្ចប្រជុំប្រចាំឆ្នាំស្តីពីការអភិរក្សសត្វត្មាតនេះ ធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងផ្តល់ឱកាសមួយឱ្យក្រុមអ្នកអភិរក្សបរិស្ថានជាតិនិងអន្តរជាតិបានរៀបចំផែនការសកម្មភាព ដើម្បីដោះស្រាយ ការគំរាមកំហែងដូចជា ចំណីពុលដល់សត្វត្មាត និងកម្ពុជាមានឱកាសចែករំលែកការអភិរក្សសត្វត្មាតជូនតំណាងប្រទេសនានាផងដែរ។ ក្នុងឱកាសនេះ ពួកគេនឹងមានឱកាសបង្ហាញ ពីកិច្ចខិតខំប្រឹងប្រែង អភិរក្សសត្វត្មាតរបស់ប្រទេសកម្ពុជា ក្នុងអំឡុងពេលទស្សនកិច្ចសិក្សា នៅដែនជម្រកសត្វព្រៃសៀមប៉ាង។ នៅទីនោះ គណៈប្រតិភូនឹងរៀនអំពីសារៈសំខាន់ នៃភោជនីយដ្ឋានសត្វត្មាត និងលទ្ធផលនៃវេទិកាសំបុកសិប្បនិម្មិត៕
