ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានណែនាំបញ្ចប់រឿង បណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរ តាមរបៀប ឈ្នះ ឈ្នះ និងសហការគ្នា ហើយបន្តការងាររៀងៗខ្លួន។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ករណីបណ្ឌិត សុខ ទូចជាមួយនគរបាលចរាចរបានក្លាយជាអាជីវកម្មដោយមិនដឹងខ្លួន។ អ្នកមិនចូលចិត្តបណ្ឌិត សុខ ទូចបាន ថែមអំបឹលប្រហុកដើម្បីទាញទម្លាក់បណ្ឌិត សុខ ទូច។ ឯអ្នកមិនចូលចិត្តនគរបាលចរាចរក៏ប្រឹង ថែមទឹកត្រី និងបុីចេងដើម្បីវាយប្រហារនគរបាលចរាចរ»។

សម្ដេច បន្ដថា «តើអ្នកណាជាអ្នកទទួលផលចំណេញលើហេតុការនេះ?គ្មានអ្នកណាចំណេញនោះឡើយតែផ្ទុយទៅវិញ
គឺខាតទាំងអស់គ្នា។ខ្ញុំសូមបងប្អូនជនរួមជាតិក៏ដូចជាអ្នកពាក់ពន្ធ័សូមបញ្ចប់រឿងនេះត្រឹមនេះតាមរបៀបឈ្នះ ឈ្នះនិងសហការគ្នាបន្តការងាររៀងៗខ្លួន»។

សម្ដេច បន្ថែមថា «សង្ឃឹមថាអ្នកថែមអំបិលប្រហុកទឹកត្រីបុីចេងបញ្ឈប់ថែមសាំងចាក់លើភ្លើងរាប់ទាំងអ្នកផ្តល់សារមកខ្ញុំវាយប្រហារម្ខាងៗ។បើលុបសារនោះចោលខ្លួនឯងជាការល្អព្រោះខ្ញុំបានមើលរួចហើយ»៕

សូមរំលឹកថា លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ត្រួតពិនិត្យជាតិស្រវឹង នៅចំណុចផ្លូវភ្នំពេញហាណូយ មុខសាលាបឋមសិក្សាភ្នំពេញថ្មី រហូតកើតជាជម្លោះពាក្យសម្តី៕
