បរទេស៖ ប្រទេសចិនបានជំរុញឱ្យរដ្ឋាភិបាលថៃ រក្សាគោលនយោបាយរបស់ខ្លួន ក្នុងការកាត់ផ្តាច់អគ្គិសនី ថាមពល និងអ៊ីនធឺណិត ឆ្លងកាត់ព្រំដែនក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាល និងក្រុមជនជាតិភាគតិចឱ្យបង្ក្រាបក្រុមឆបោក។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា បញ្ហានេះនឹងត្រូវលើកយកមកពិភាក្សា នៅថ្ងៃនេះក្នុងកិច្ចប្រជុំរវាងជំនួយការ រដ្ឋមន្ត្រីសន្តិសុខសាធារណៈរបស់ចិនលោក Liu Zhongyi និងរដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai។
ឧត្តមសេនីយ Thanathip Sawangsang អ្នកនាំពាក្យក្រសួងការពារជាតិថៃ បាននិយាយកាលពីម្សិលមិញថា អាជ្ញាធរចិនក៏បានបង្កើតវិធានការដើម្បី ដោះស្រាយលើក្រុមឆបោកជនជាតិចិន ដែលមានមូលដ្ឋាននៅប្រទេសមីយ៉ាន់ម៉ាផងដែរ។
លោកបានបន្ថែមថា ប្រទេសចិនក៏បានស្នើឱ្យប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំផ្លូវការ ជាលើកដំបូងដើម្បីពិភាក្សាអំពី ប្រតិបត្តិការប្រឆាំងការឆបោក ដែលទីក្រុងប៉េកាំងបានសម្តែងឆន្ទៈក្នុងការចូលរួម។
ឧត្តមសេនីយ Thanathip ក៏បាននិយាយផងដែរថា ប្រទេសចិនបានស្នើឱ្យរដ្ឋាភិបាលថៃ បន្តការផ្តាច់ចរន្តអគ្គិសនី ផ្តាច់អ៊ីនធឺណិត និងផ្តាច់ការផ្គត់ផ្គង់ប្រេងទៅកាន់ ទីក្រុងនានានៅតាមព្រំដែនមួយចំនួន បើទោះបីជាមានការជំទាស់ពី រដ្ឋាភិបាលមីយ៉ាន់ម៉ាក៏ដោយ ៕
ប្រែសម្រួលៈ ណៃ តុលា
