ព័ត៌មានអន្តរជាតិ

លោក ត្រាំ៖ ពន្ធលើរថយន្ត របស់សហរដ្ឋអាមេរិក ទំនងជាត្រូវបានកំណត់ នៅប្រហែល ២៥%

kyodo

វ៉ាស៊ីតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ពន្ធដែលបានស្នើឡើង របស់លោកលើរថយន្ត នាំចូលនឹងទំនងជា មានចំនួន ២៥ភាគរយ” ហើយតម្លៃដែលដាក់លើ semiconductors និងឱសថនឹងមានអត្រាដូចគ្នា ឬខ្ពស់ជាងនេះទៅទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

លោក ត្រាំ បានឲ្យដឹងនៅលំនៅដ្ឋាន Mar-a-Lago របស់លោកក្នុងរដ្ឋ Florida ក្នុងអំឡុងពេលសន្និសីទ សារព័ត៌មានមួយ ដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ លោកប្រហែលជានឹង ប្រកាសអំពីអត្រាពន្ធរថយន្តថ្មីនៅថ្ងៃទី ២ ខែមេសា។ នៅពេលសួរអំពីពន្ធលើបន្ទះឈីប និងឱសថ លោក ត្រាំ បានឲ្យដឹងថា វានឹងមាន “២៥ភាគរយ និងខ្ពស់ជាងនេះ ហើយវានឹងកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលមួយឆ្នាំ ប៉ុន្តែយើងចង់ផ្តល់ ពេលវេលាឱ្យពួកគេចូលមក” ។

លោកបានបន្តថា “ដោយសារតែអ្នកដឹងនៅពេល ដែលពួកគេចូលមកក្នុងសហរដ្ឋអាមេរិក ហើយពួកគេមានរោងចក្រ ឬរោងចក្ររបស់ពួកគេនៅទីនេះ វាមិនមានការយកពន្ធទេ ដូចនេះយើងចង់ផ្តល់ឱកាសឲ្យគេបន្តិច”។ កាលពីថ្ងៃសុក្រ លោក ត្រាំ បានឲ្យដឹងថា លោកគ្រោងនឹងដាក់ចេញ ពន្ធលើរថយន្តនៅជុំវិញថ្ងៃទី ២ ខែមេសា ដោយមិនផ្តល់ព័ត៌មានលម្អិត ដូចជាប្រទេសណាខ្លះនឹងត្រូវកំណត់គោលដៅនោះទេ។

ក្រុមហ៊ុនផលិតរថយន្តបរទេស រួមទាំងប្រទេសជប៉ុន អាល្លឺម៉ង់ និងកូរ៉េខាងត្បូង នឹងទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ប្រសិនបើរដ្ឋបាលរបស់លោក ត្រូវអនុម័តអត្រាពន្ធគយនោះ។ ទីផ្សារសហរដ្ឋអាមេរិក គឺជាគោលដៅនាំចេញដ៏ធំ បំផុតសម្រាប់ក្រុមហ៊ុនផលិតរថយន្តជប៉ុន ដែលស្មើនឹងប្រហែលមួយភាគបីនៃការនាំចេញសរុប។ នៅឆ្នាំ ២០២៣ ពួកគេបាននាំចេញរថយន្ត ដឹកអ្នកដំណើរប្រហែល ១.៤៤ លានគ្រឿង ទៅកាន់សហរដ្ឋអាមេរិក នេះបើយោងតាមសមាគមក្រុមហ៊ុន ផលិតរថយន្តជប៉ុន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top