ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ត្រូវការការធានាសន្តិសុខ មុនបទឈប់បាញ់

AFP

តូក្យូ៖ ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំប្រទេសជប៉ុន បានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកត្រូវការការធានាសន្តិសុខ ជាលក្ខខណ្ឌមួយ សម្រាប់បទឈប់បាញ់ក្នុងការប្រយុទ្ធប្រឆាំង នឹងរុស្ស៊ី ចំពេលមានការព្រួយបារម្ភអំពី ជំហរផ្សះផ្សារបស់ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ចំពោះទីក្រុងមូស្គូក្នុងកិច្ចចរចាសន្តិភាព នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

នៅក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មានក្យូដូនៅដើមខែនេះ លោក Sergiy Korsunsky ដែលគ្រោងនឹងចាកចេញ ពីមុខតំណែងនៅពាក់កណ្តាលខែមេសា បន្ទាប់ពីរយៈពេល ៥ឆ្នាំ បានបង្ហាញពីក្តីសង្ឃឹម សម្រាប់ការបន្តការគាំទ្រ របស់សហរដ្ឋអាមេរិក ខណៈដែលបង្ហាញពីការដឹងគុណ ចំពោះជំនួយរបស់ប្រទេសជប៉ុន ដល់អ៊ុយក្រែន។

លោក Korsunsky បានលើកឡើងថា ការឈានដល់កិច្ចព្រមព្រៀងជាមួយរុស្ស៊ីដែល “ធានាសន្តិសុខរបស់អ៊ុយក្រែន និងអាចឱ្យមានការផ្តន្ទាទោសឧក្រិដ្ឋជនសង្គ្រាម” គឺជារឿងចាំបាច់ ខណៈដែលខួបលើកទីបីនៃការឈ្លានពានរបស់រុស្ស៊ី នឹងខិតជិតមកដល់ថ្ងៃចន្ទខាងមុខ ។ ប្រទេសជប៉ុន និងក្រុមប្រទេសជាមិត្តទាំង៧ របស់ខ្លួន រួមទាំងសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតីមុនរបស់លោក ត្រាំ គឺលោក ចូ បៃដិន និងដៃគូដែលមានគំនិតដូចគ្នា បានផ្តល់ជំនួយយ៉ាងខ្លាំង ដល់អ៊ុយក្រែន ដោយដាក់ទណ្ឌកម្ម សេដ្ឋកិច្ចលើប្រទេសរុស្ស៊ី។

លោក ត្រាំ ដែលបានត្រឡប់ទៅសេតវិមានវិញនៅថ្ងៃទី ២០ ខែមករាជាមួយនឹងគោលលទ្ធិ “America First” ឯកតោភាគីរបស់លោក គឺមានការសង្ស័យអំពី ការគាំទ្រសម្រាប់អ៊ុយក្រែន។ លោកបានរក្សាទំនាក់ទំនង ជិតស្និទ្ធជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ចាប់តាំងពីអាណត្តិ ៤ឆ្នាំដំបូងរបស់លោកចាប់ផ្តើមក្នុងឆ្នាំ២០១៧។

ចាប់តាំងពីលោក ត្រាំ និងលោក ពូទីន បានពិភាក្សាគ្នា តាមទូរស័ព្ទកាលពីថ្ងៃពុធមក ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ បានពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែការផ្លាស់ប្តូរនេះបានជំរុញឱ្យមាន ការព្រួយបារម្ភថាទីក្រុងគៀវ អាចត្រូវបានបង្ខំ ឱ្យ ទទួលយកលក្ខខណ្ឌ មិនអំណោយផល និងបោះបង់ចោលទឹកដី ដែលកាន់កាប់ដោយរុស្ស៊ី។

លោក Korsunsky បានបន្ដថា សហរដ្ឋអាមេរិកច្បាស់ជា “យល់អំពីធម្មជាតិ នៃសង្រ្គាមនេះ” ហើយទទួលស្គាល់ យ៉ាងច្បាស់ថា “អ្នកណាដែលបានចាប់ផ្តើមសង្រ្គាមនេះ ហើយបាននិងកំពុងសម្លាប់មនុស្សជាច្រើន”។ លោកបានបន្ថែមថា លោកចាត់ទុកជំនួយរបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន ទំនងជាមិនអាចបញ្ចប់បាននោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top