ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីម៉ិកស៊ិក អះអាងថា លោកស្រី មិនខ្លាចការគំរាមកំហែង របស់លោក ត្រាំ នោះទេ

Xinhua

ម៉ិចស៊ិកៈ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានឲ្យដឹងថា លោកស្រីមិនខ្លាចប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងការគំរាមកំហែងរបស់លោក ក្នុងការនិរទេសខ្លួនទ្រង់ទ្រាយធំ ពន្ធគយ និងអន្តរាគមន៍យោធា ដើម្បីប្រយុទ្ធប្រឆាំងក្រុមជួញដូរគ្រឿងញៀន ខណៈដែលលោកស្រី មានការគាំទ្រ ពីប្រជាជនម៉ិកស៊ិក។

ក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលសួរថាតើប្រធានាធិបតី ម៉ិកស៊ិក ខ្លាចការគំរាមកំហែងរបស់លោក ត្រាំ ដែរឬទេ លោកស្រី Sheinbaum បានឆ្លើយតបថា “ទេ ខ្ញុំមានការគាំទ្រពីប្រជាជន ។ នៅពេលដែលមនុស្សម្នាក់ មានភាពប្រាកដប្រជា និងជឿជាក់ ហើយដឹងពីគោលការណ៍ របស់នរណាម្នាក់ ហេតុអ្វីបានជាគេត្រូវខ្លាច?” ។

លោកស្រីបានបន្ធូរបន្ថយ ការព្រួយបារម្ភ ចំពោះវិធានការរបស់លោក ត្រាំ ដោយកត់សម្គាល់ថា មានការសន្ទនាបន្ត រវាងរដ្ឋាភិបាលទាំងពីរ ។ ប្រធានាធិបតីរូបនេះ បានឲ្យដឹងថា លោកស្រីនឹងមិនអនុញ្ញាត ឱ្យមានការរំលោភលើ អធិបតេយ្យភាពរបស់ប្រទេសម៉ិកស៊ិកនោះទេ ប៉ុន្តែ “ប្រសិនបើវាត្រូវបានរំលោភនោះ មានប្រទេសទាំងមូល ដើម្បីការពារមាតុភូមិ”។

សេចក្តីថ្លែងការណ៍របស់លោកស្រី Sheinbaum កើតឡើងមួយថ្ងៃបន្ទាប់ពីលោក ត្រាំ បានលើកឡើងថា ម៉ិកស៊ិក “ត្រូវបានគ្រប់គ្រងដោយក្រុមជួញដូរគ្រឿងញៀន” អង្គការឧក្រិដ្ឋជន ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក បានកំណត់ថាជាភេរវករ។ លោក ត្រាំ ក៏បានចោទប្រកាន់អាជ្ញាធរម៉ិកស៊ិកថា “អនុញ្ញាតឱ្យមនុស្សរាប់លាននាក់” ចូលសហរដ្ឋអាមេរិកដោយខុសច្បាប់ និងបានផ្តល់ “ជំនួយ” របស់លោកដើម្បីរារាំងលំហូរនៃជនអន្តោប្រវេសន៍។

មន្ត្រីនៃប្រទេសទាំងពីរនឹង ជួបប្រជុំគ្នានៅទីក្រុងវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះ ដើម្បីចរចាអំពីការព្យួរពន្ធលើ ផលិតផលម៉ិកស៊ិក និងយុទ្ធសាស្រ្តក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ជាពិសេសលំហូរនៃសារធាតុ fentanyl ចូលទៅក្នុងសហរដ្ឋអាមេរិក ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top