ព័ត៌មានអន្តរជាតិ

លោក ត្រាំ បញ្ជាក់ថា ពន្ធលើប្រទេសម៉ិកស៊ិក និងកាណាដា នឹងបន្ដឆ្ពោះទៅមុខ

Xinhua

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា ពន្ធលើប្រទេសម៉ិកស៊ិក និងកាណាដា នឹងបន្ដ “ឆ្ពោះទៅមុខ” ដោយមិនមានការបន្ធូរបន្ថយណាមួយឡើយ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព៧ត៌មានចិនស៊ិនហួ ។

នៅពេលត្រូវបានសួរអំពីកាលបរិច្ឆេទកំណត់ នាពេលខាងមុខសម្រាប់ពន្ធលើប្រទេសម៉ិកស៊ិក និងកាណាដា លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាន រួមគ្នាជាមួយប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅសេតវិមានថា “ពន្ធគយកំពុងដំណើរការទៅមុខ” ។

ប្រធានាធិបតីអាមេរិករូបនេះ បានបន្ដថា “យើងទាន់ពេលជាមួយនឹងពន្ធ ហើយវាហាក់ដូចជាថាកំពុងផ្លាស់ប្តូរយ៉ាងលឿន” ។ “ឥឡូវនេះពន្ធនឹងទៅមុខទាន់ ពេលវេលាតាមកាលវិភាគ។” លោក ត្រាំ បានអះអាងម្តងទៀតថា “យើងត្រូវបានប្រទេសជាច្រើនធ្វើបាបយ៉ាងធ្ងន់ធ្ងរ មិនមែនត្រឹមតែកាណាដា និងម៉ិកស៊ិកនោះទេ។ យើងត្រូវបានគេទាញយកប្រយោជន៍”។

នៅក្នុងនោះដែរលោក ត្រាំ បានលើកឡើងថា “អ្វីដែលយើងចង់បាន គឺទៅវិញទៅមក។ យើងចង់បានទៅវិញទៅមក។ យើងចង់មានដូចគ្នា ដូច្នេះប្រសិនបើនរណាម្នាក់ចោទប្រកាន់យើង យើងចោទប្រកាន់ពួកគេវិញ” ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែកុម្ភៈ លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីដាក់ពន្ធ ២៥ ភាគរយលើទំនិញដែលនាំចូលពីម៉ិកស៊ិក និងកាណាដា ជាមួយនឹងការដំឡើងពន្ធ ១០ ភាគរយជាពិសេសសម្រាប់ ផលិតផលថាមពលកាណាដា។

កាលពីថ្ងៃទី ៣ ខែកុម្ភៈ លោក ត្រាំ បានប្រកាសថា ពន្ធបន្ថែមលើទំនិញពីម៉ិកស៊ិក និងកាណាដា នឹងត្រូវពន្យាពេលមួយខែ ដែលអនុញ្ញាតឱ្យមានពេលវេលា បន្ថែមទៀតសម្រាប់ការចរចា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top