បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីសារព័ត៌មាន Politico បានរាយការណ៍ថា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបរាជ័យក្នុងការធានានូវសន្តិសុខ ជាក់លាក់ណាមួយរបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន ក្នុងអំឡុងពេលកិច្ច ពិភាក្សានាពេលថ្មីៗនេះ ជាមួយលោកប្រធានាធិបតី Donald Trump នៅទីក្រុងវ៉ាស៊ីនតោន។
លោក Trump បានជួបជាមួយលោក Macron នៅសេតវិមាន កាលពីថ្ងៃចន្ទ ជាកន្លែងដែលមេដឹកនាំអាមេរិក បានរំលឹកឡើងវិញ នូវបំណងប្រាថ្នារបស់គាត់ សម្រាប់ការបញ្ចប់ជម្លោះនៅអ៊ុយក្រែន ខណៈពេលដែលបដិសេធ មិនថ្កោលទោស ទីក្រុងមូស្គូឡើយ។
លោក Macron បានយល់ស្របថា លោកក៏ចង់បានសន្តិភាពដ៏រឹងមាំ និងយូរអង្វែងនៅក្នុងអ៊ុយក្រែន ប៉ុន្តែបានសង្កត់ធ្ងន់ថា នេះត្រូវតែត្រូវបានអមដោយការធានាសន្តិសុខដ៏រឹងមាំ និងគួរឱ្យទុកចិត្តសម្រាប់អ៊ុយក្រែនផងដែរ ។
យោងតាម Politicoដដែលបានឲ្យដឹងទៀតថា លោក Macron បានព្យាយាម ដើម្បីទទួលបានការធានា សម្រាប់ទីក្រុងគៀវពីលោក Trump ប៉ុន្តែមិនបាន ទទួលជោគជ័យច្រើនទេ ហើយក្រោយមកបានពន្យល់ សមភាគីសហភាពអឺរ៉ុប របស់គាត់អំពីលទ្ធផល នៃកិច្ចចរចាក្នុងអំឡុងពេលសន្និសីទវីដេអូ រយៈពេល៣០នាទីដែលបានកោះប្រជុំ យ៉ាងប្រញាប់ប្រញាល់នៅពេលបន្ទាប់។
គួរឲ្យដឹងដែរថា កាលពីពេល ចុងក្រោយនេះយោងតាមកាសែត Wall Street Journal ចក្រភពអង់គ្លេស និងបារាំងកំពុងសម្លឹង មើលផែនការដាក់ពង្រាយ អ្នករក្សាសន្តិភាព ដែលជាកម្លាំងយោធា ដល់ទៅ៣០,០០០ នាក់នៅអ៊ុយក្រែន ប្រសិនបើទីក្រុងម៉ូស្គូ និងគៀវឈានដល់បទឈប់បាញ់គ្នា ណាមួយពិតមែននោះ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
