បរទេស៖ ការិយាល័យស៊ើបអង្កេត ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (CCIB) របស់ប្រទេសថៃ ថ្មីៗនេះបានចាប់ខ្លួនតារាសម្តែងម្នាក់ពីបទសង្ស័យថា មានជាប់ពាក់ព័ន្ធក្នុងបណ្តាញ ល្បែងតាមអនឡាញ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមប្រធានការិយាល័យ ស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (CCIB) លោក Trairong Phiewphan គឺ តារាសម្តែងដែលត្រូវបានគេស្គាល់ថាឈ្មោះ អាម៉ន អាយុ ៣១ ឆ្នាំត្រូវបានចាប់ខ្លួននៅទីក្រុងបាងកក ជាមួយបុគ្គលពីរនាក់ទៀតគឺ អ៊ីសារ៉ា អាយុ ៣៧ ឆ្នាំ និង ផៃរ៉ាត់ អាយុ ៣៨ ឆ្នាំពីបទឃុបឃិតគ្នាគ្រប់គ្រងគេហទំព័រ WM Casino ។
ប៉ូលិស CCIB ក៏បានរឹបអូសបានសៀវភៅគណនីធនាគារចំនួន ៤៦ ក្បាល ត្រាកៅស៊ូក្រុមហ៊ុនយ៉ាងតិច ២០, ឯកសារចុះបញ្ជីក្រុមហ៊ុន, កាតអេធីអឹម ៦, ទូរស័ព្ទ ១០ គ្រឿង, រថយន្តមួយគ្រឿង និងកាបូបប្រណីត ដែលសរុបជាទឹកប្រាក់ប្រមាណ ១០,៥ លានបាត។
ឧត្តមសេនីយ៍ Trairong បាននិយាយថា ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីប៉ូលីស បានពង្រីកការស៊ើបអង្កេតរបស់ពួកគេទៅលើកាស៊ីណូ WM និងបណ្តាញរបស់ក្រុមនេះ។ គេហទំព័រលេងល្បែងអនឡាញនេះរកចំណូលបានយ៉ាងហោចណាស់ ១០០ លានបាតក្នុងមួយខែ ឬប្រហែល ១,៥ ពាន់លានបាតក្នុងមួយឆ្នាំ ។
ប្រែសម្រួលៈ ណៃ តុលា
