ព័ត៌មានអន្តរជាតិ

តើលោកត្រាំ ពិតជាត្រូវបានជ្រើសរើស ដោយអង្គការរចារកម្ម របស់អតីតសហភាពសូវៀត កាហ្សេបេ មែនឬ?

ភ្នំពេញ៖ លោក ស៊ាន វិសុទ្ធ ទីប្រឹក្សារាជរដ្ឋាភិបាល បានលើកឡើងនូវអត្ថបទមួយពាក់ព័ន្ធទៅនឹងទំនាក់ទំនង របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូ ណាត្រាំ ជាមួយអង្គការរចារកម្ម របស់អតីតសហភាពសូវៀត កាហ្សេបេ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ស៊ាន វិសុទ្ធ បានឱ្យដឹងថា លោកបានឃើញអត្ថបទនេះជាភាសាបរទេសនឹកថា បើប្រែសម្រួលទៅហាក់ដូចជា ជួយកាន់ជើងរុស្សីដែលឈ្លានពានអ៊ុយក្រែន ជាប្រទេសតូចជាងខ្លួន។ តែឥរិយាបថសរអាចុងក្រោយនេះ បន្ទាប់ពីលោកត្រាំ ទ្បើងកាន់តំណែង ជាប្រធានាធិបតីអាណត្តិទី២ មក ឃើញថាបត់១៨០អង្សារ ខុសពីជំនាន់លោកតាបៃដិន ទើបលោកសម្រេចចិត្ត ប្រែសម្រួលឯកសារនេះ ទុកជាការពិចារណាចុះ។

លោកបន្ថែមថា តាំងពីលោកត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកលើកដំបូង ក៏មានមតិសាធារណៈ អាមេរិកជាច្រើនលើកទ្បើងថា ដោយសារមានការជួយទ្រទ្រង់ពីរុស្សីដែរ។

លោកចោទជាសំនួរថា «តើលោកត្រាំ ពិតជាត្រូវបានជ្រើសរើស ដោយអង្គការរចារកម្ម របស់អតីតសហភាពសូវៀត កាហ្សេបេ មែនឬ?»។

លោកត្រាំ ត្រូវបានកសាងជាភ្នាក់ងារ ឬបណ្តាញចារកម្មរុស្សី ជាង៤០ឆ្នាំមកហើយ។ គាត់ត្រូវបានគេបង្ហាត់ដូច ជាសេកមួយក្បាល អោយស្រែកឃោសនាប្រឆាំងលោកខាងលិច និងត្រូវបានគេអបអរ នៅក្រុងមូស្គូនា ពេលបច្ចុប្បន្ននេះ។ការលាតត្រដាងនេះចេញមកពីអតីតវរសេនីយត្រី កាហ្សេបេមួយរូបឈ្មោះ Yuri Shvets ដែលត្រូវបានបញ្ជូនទៅកាន់ក្រុងវាស៊ីងតោន ដោយសហភាពសូវៀត ក្នុងទសវត្សរ៍ឆ្នាំ១៩៨០។

លោកគឺជាប្រភពពត៌មានចារកម្ម ដែលប៉ះពាល់ដល់សហរដ្ឋអាមេរិក។ សៀវភៅនិពន្ធដោយអ្នកសារពត៌មាន Craig Unger ដែលចេញផ្សាយក្នុងឆ្នាំ ២០២១ បានបើកកកាយពីប្រវត្តិដើម របស់លោកត្រាំ រួមទាំងទំនាក់ទំនង ជាមួយលោក Jeffrey Eipsten ផង។

លោក Shvets ដែលបានរស់នៅសហរដ្ឋអាមេរិក តាំងពីឆ្នាំ១៩៩៣មកបាននិយាយថា “នេះជារបៀបដែលពួកយើងជ្រើសរើស មនុស្សតាំងពីពួកគេ នៅជានិស្សិតរហូតដល់គេ បានទ្បើងកាន់តំណែងសំខាន់ៗ គឺតាមរបៀបហ្នឹងដែលយើងបានធ្វើ ជាមួយលោកត្រាំ”។ឮ

លោកត្រាំ បានចូលក្នុងរ៉ាដារ រុស្សីក្នុងឆ្នាំ១៩៧៧ ជាឆ្នាំដែលគាត់បានរៀបការ ជាមួយស្ត្រីបង្ហាញម៉ូត ជនជាតិឆែកគឺនាង Ivana Zelnickova(ប្រពន្ធទី១របស់ត្រាំ)។

លោកត្រាំ បានក្លាយជាគោលដៅ នៃបេសកកម្មចារកម្មហើយ។គាត់ត្រូវបានតាមឃ្លាំ មើលដោយសេវាចារកម្មឆែកនិងកាហ្សេបេ។បីឆ្នាំក្រោយមកលោកត្រាំបានបើកជំនួញអចលនទ្រព្យលើកដំបូងរបស់គាត់គឺសណ្ឋាគារ Grand Hyatt នៅក្រុងញិវយ៉កឋិតនៅក្បែស្ថានីយ៍ Grand Central។

លោកត្រាំបានទិញទូរទស្សន៍ចំនួន២០០ គ្រឿងសម្រាប់សណ្ឋាគារពីលោក Semyon Kislin ដែលភៀសខ្លួនមកពីសហភាពសូវៀតនិងជាសហកម្មសិទ្ធិករក្រុមហ៊ុន Joy-Lud electronics នៅផ្លូវ 5th Avenue។បើតាមលោក Shvets ក្រុមហ៊ុន Joy-Lud នៅក្រោមការគ្រប់គ្រងរបស់កាហ្សេបេ។ Kislin គឺជាអ្នកជ្រើសរើសមនុស្សសម្រាប់បម្រើអោយ កាហ្សេបេ។គាត់បានកត់សំគាល់ ត្រាំដែលជាជំនួញដ៏ជោគជ័យម្នាក់ថា ជាធនធានមួយប្រកបដោយសក្តានុពល។ នៅឆ្នាំ១៩៨៧ ត្រាំនិងនាង Ivana បានទៅលេងក្រុងមូស្គូនិងទ្បេនីនក្រាដ។ Shvetsបាននិយាយថា ត្រាំ ត្រូវបានគេបញ្ចុះបញ្ចូល អោយធ្វើជាភ្នាក់ងារកាហ្សេបេ និងបញ្ចើចបញ្ចើរដោយភ្នាក់ងារ កាហ្សេបេ ដោយផ្តល់ជាគំនិតថា គាត់គួរតែចូលធ្វើនយោបាយហើយ។

ពួកគេប្រមូលបានពត៌មានជាច្រើន ពីអត្តចរឹតលោកត្រាំ ដែលអាចអោយគេដឹងថា លោកត្រាំ ជាមនុស្សបែបណា។ ពួកគេមានអារម្មណ៍ថាលោកត្រាំងាយរងគ្រោះ តាមផ្លូវប្រាជ្ញាផងនិងផ្លូវចិត្តសាស្ត្រផង ហើយគាត់ជាមនុស្សស៊ីជោរ។ពួកគេក៏ចាក់បណ្តោយតាមនេះ និងធ្វើដូចជាគេចាប់អារម្មណ៍ លើរូបគាត់ខ្លាំងណាស់ ព្រមទាំងសរសើរថាគាត់សម នឹងធ្វើជាប្រធានាធិបតី សហរដ្ឋអាមេរិក នៅថ្ងៃណាមួយ គឺមានតែរូបគាត់ទេ ដែលអាចផ្លាស់ប្តូរពិភពលោកបាន។

ក្រោយពេលត្រទ្បប់ មកដល់អាមេរិកវិញ លោកត្រាំ ក៏រៀបចំអនុវត្តន៍ផែនការ គាត់ចង់ឈរឈ្មោះ ជាបេក្ខជនប្រធានាធិបតីតំណាងអោយគណៈបក្សសាធារណៈរដ្ឋ និងថែមទាំងបានរៀបចំការប្រជុំមហាជននៅ Porsmouth, New Hamshire។

នៅថ្ងៃទី១ ខែកញ្ញា គាត់បានចុះផ្សាយពេញមួយទំព័រ នៅលើកាសែតធំៗ៣ ” មិនមានអ្វីទាស់ខុសទេ ចំពោះនយោបាយការពារបរទេសអាមេរិក ដែលមិនអាចព្យាបាលបាននោះ”។

ការផ្សាយនោះបានបញ្ចេញមតិមួយ ដែលផ្ទុយស្រទ្បះ ពីមុនដូចជាចោទថា ជប៉ុនដែលជាសម្ពន្ធមិត្រឆ្លៀតកេងប្រវញ្ច លើសរអាជាដើម។ ការផ្សព្វផ្សាយនោះ ក៏បានលើកទ្បើងពីមន្ទិលសង្ស័យ ដែលសរអាចូលរួមជាមួយអង្គការណាតូ អាមេរិកគួរតែឈប់ចំណាយ ការពារប្រទេសដែលអាចការពារខ្លួន គេបានហើយ”។គំនិតអស់នេះហើយ ដែលធ្វើអោយមានការអបអរសាទរ ពីក្រុងមូស្គូ។

លោក Shvets ដែលឥលូវនេះ បានត្រទ្បប់មកដល់ប្រទេសវិញហើយនោះ បានឃើញសារទូរលេខ របស់កាហ្សេបេមួយ ដែលអបអរនិងការចុះផ្សាយនេះ។

ពួកគេបានចាត់ទុកថាជា “វិធានការសកម្ម” ដ៏ជោគជ័យមួយដែលធ្វើទ្បើង ដោយធនធានរបស់កាហ្សេបេ។

លោក ស៊ាន វិសុទ្ធ បានលើកឡើងថា វាមិនដែលមានពីមុនសោះ លោកធ្លាប់ស្គាល់ពីវិធានការសកម្ម របស់កាហ្សេបេ ចាប់តាំងពីដើមទសវត្សរ៍៧០និង៨០មក និងក្រោយមកទៀត តែលោកមិនដែលបានឮរឿងបែបនឹងទ្បើយ រហូតទាល់តែដល់ពេលត្រាំ បានក្លាយជាប្រធានាធិបតីប្រទេសនេះ ពីព្រោះវាពិបាកនិងជឿថា មាននរណានឹងចុះផ្សាយរឿងបែប នឹងទ្បើយ ព្រោះវាមុខជាប៉ះទង្គិចជាមួយ ប្រជាជនលោកខាងលិច ប៉ុន្តែវាបែរជាកើតទ្បើង ហើយទីបំផុតជននោះបានក្លាយ ទៅជាប្រធានាធិបតីទៀត”៕

To Top