បរទេស៖ យោងតាមការចេញផ្សាយរបស់ RT យោងតាមឯកសារដែលចេញផ្សាយដោយសេតវិមានកាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដែលបន្តដាក់ទណ្ឌកម្មរយៈពេលមួយឆ្នាំទៀតប្រឆាំងនឹងប្រទេសរុស្ស៊ីជុំវិញជម្លោះអ៊ុយក្រែន។
ទណ្ឌកម្មដែលត្រូវបានដាក់ចេញដំបូងតាំងតែពីនៅក្នុងឆ្នាំ២០១៤ បន្ទាប់ពីការបង្រួបបង្រួមរបស់តំបន់ Crimea ជាមួយរុស្ស៊ី វិធានការនេះត្រូវបានពង្រីកតាមរយៈបទបញ្ជាប្រតិបត្តិជាច្រើន ហើយឥឡូវនេះត្រូវបានបន្តរយៈពេលមួយឆ្នាំទៀតរហូតដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។
ឯកសារដែលបានបោះពុម្ពផ្សាយនៅក្នុងបញ្ជីសហព័ន្ធបាននិយាយថា ៖សកម្មភាព និងគោលនយោបាយទាំងឡាយណា ដែលបានលើកឡើងនៅក្នុងបទបញ្ជាប្រតិបត្តិទាំងនេះបន្តបង្កការគំរាមកំហែងមិនធម្មតា និងវិសាមញ្ញចំពោះសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។
ជាការសម្រេចចិត្តលោក Trump បាននិយាយថា៖ ដូច្នេះខ្ញុំសម្រេចចិត្តថានឹងបន្តរយៈពេល១ឆ្នាំទៀតនៃភាពអាសន្នជាតិ ដែលបានប្រកាសនៅក្នុងបទបញ្ជាក់ដែលបានដាក់ចេញនូវលេខ ១៣៦៦០។
គួរឲ្យដឹងដែរថាឯកសារនេះក៏សំដៅលើការបញ្ជាកាលពីឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយប្រធានាធិបតីនៅពេលនោះលោក Joe Biden ដែលបានអូសបន្លាយការដាក់ទណ្ឌកម្មជាការឆ្លើយតបទៅនឹងសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ដែលចូលរួមជាមួយប្រទេសរុស្ស៊ី៕
ប្រែសម្រួល៖ ស៊ុនលី
