ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា ទិវាវប្បធម៌ជាតិ មានសារៈសំខាន់ ក្នុងការបង្កើនការយល់ដឹង អំពីគុណតម្លៃដ៏មហាសាល នៃសម្បត្តិវប្បធម៌ដ៏សម្បូរបែប បានបន្សល់ទុកពីបុព្វបុរស។
តាមរយៈព្រះរាជសារ ក្នុងឱកាសនៃទិវាវប្បធម៌ជាតិ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា រាជរដ្ឋាភិបាលកម្ពុជា ស្របតាមទិសស្លោក «កម្ពុជា: ព្រះរាជាណាចក្រនៃវប្បធម៌» បានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំសម្រាប់ប្រារព្ធ ទិវាវប្បធម៌ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ។
ព្រះមហាក្សត្រ មានព្រះរាជបន្ទូល ចាត់ទុក ថា «ជាទិវាមួយដែលមានសារៈសំខាន់ ក្នុងការបង្កើនការយល់ដឹងអំពីគុណតម្លៃ ដ៏មហាសាលនៃសម្បត្តិវប្បធម៌ដ៏សម្បូរបែប បានបន្សល់ទុកពីបុព្វបុរស ដែលជាគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព»។
ជាពិសេសទិវានេះ បានលើកកម្ពស់មនសិការស្នេហាជាតិ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន និងបានបំផុសឱ្យប្រជាពលរដ្ឋ ជាពិសេសបង្ហាញពី គុណវុឌ្ឍ និងតួនាទីស្នូលដ៏សំខាន់របស់យុវជន ដែលជាកម្លាំងចលករក្នុងការអភិរក្ស ថែរក្សា ការពារ លើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណ និងដួងព្រលឹងជាតិ រួមទាំងវប្បធម៌ចម្រុះ របស់សហគមន៍ជនជាតិដើមភាគតិច ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត៕
