ម៉ូស្គូ៖ លទ្ធផលឆាប់រហ័សពីទំនាក់ទំនងរវាងរុស្ស៊ី-អាមេរិក មិនគួរត្រូវបានរំពឹងទុកនលះទេ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ទំនាក់ទំនងមិនគួរត្រូវបានរំពឹងទុក ប៉ុន្តែប្រទេសទាំងពីរកំពុងស្វែងរកការគូសបញ្ជាក់អំពីអាទិភាពរបស់ពួកគេ សម្រាប់កិច្ចសហប្រតិបត្តិការ។
លោក Peskov បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា “វាហាក់ដូចជាខ្ញុំថា សូម្បីតែឥឡូវនេះ យើងត្រូវគូសបញ្ជាក់អំពីប្រធានបទ ដែលអាចធ្វើទៅបានសម្រាប់កិច្ចសហប្រតិបត្តិការ ប៉ុន្តែយើងមិនគួររំពឹងថានឹងមានលទ្ធផលរហ័សណាមួយនៅក្នុងតំបន់នេះនៅពេលនេះទេ” ។
លោក បានលើកឡើងថា នឹងមានកិច្ចការជាច្រើនដែលត្រូវធ្វើ ដើម្បីជួសជុលការខូចខាតយ៉ាងធ្ងន់ធ្ងរនៃទំនាក់ទំនងរវាងរុស្ស៊ី-អាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា ការធ្វើឱ្យប្រក្រតីភាពនូវទំនាក់ទំនងរុស្ស៊ី-អាមេរិក អាចសម្រេចបានលឿនជាងនេះ ប្រសិនបើទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានឆន្ទៈនយោបាយដើម្បីធ្វើវា។
លោកបានបន្ថែមថា រដ្ឋបាលសហរដ្ឋអាមេរិកកំពុងកែសម្រួលខ្លឹមសារនយោបាយការបរទេសរបស់ខ្លួន ដែលភាគច្រើនស្របនឹងរុស្ស៊ី៕
ប្រែសម្រួល ឈូក បូរ៉ា
