ព័ត៌មានជាតិ

ខេត្តព្រៃវែង នឹងរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្ត” រយៈពេល៥ថ្ងៃ

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានប្រកាសពីការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង២០២៥រយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ។

ការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តនេះ រដ្ឋបាលខេត្តបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង តាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងក្រោមអធិបតី អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា ស្ថិតនៅទីរួមខេត្តព្រៃវែង ។

បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែងកាលពីថ្ងៃ១៣ មីនា ការរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តព្រៃវែង ២០២៥”នេះ គឺជាទំនៀមទំលាប់ប្រពៃណីជាតិខ្មែរដ៏ល្អផូរផង់តាំងពី បុរាណកាលមក ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបប្រារព្ធឡើង ក្នុងគោលបំណងអបអរសាទរទទួលទេព្តាឆ្នាំថ្មី សិរីសួស្តី ជ័យមង្គល និងជាឱកាសដ៏ល្អសម្រាប់ជួបជុំក្រុមគ្រួសារ។

ព្រឹត្តិការណ៍នេះ ក៏មានការប្រគុំតន្ត្រីសម័យ ការរាំលេងកំសាន្ត ការតាំងពិព័រណ៍បង្ហាញផលិតផល និងសម្ភារៈប្រើប្រាស់ក្នុងស្រុក លេងល្បែងប្រជាប្រិយ ការសម្តែងក្បាច់គុនបុរាណខ្មែរ ការបង្ហោះគោម និងបាញ់កាំជ្រួច ពិសេសខេត្តមានរៀបចំកម្មវិធីលេងកំសាន្តតំបន់ត្រជាក់ចិត្ត(នៅសួនច្បារសម្តេច ជា ស៊ឹម) និងព្រឹត្តិការណ៍កំសាន្តផ្សេងៗ រួមមាន ៖ ការប្រឡងចម្រៀង ប្រឡងបវរកញ្ញាស្រីស្រស់ប្រុសស្អាត និងបវរកញ្ញាវ័យចំណាស់ ការប្រកួតអុកចត្រង្គ ប្រដាល់ក្បាច់គុនបុរាណខ្មែរ ការសម្តែងក្បាច់គុនបុរាណខ្មែរយុទ្ធក្រមខម ការសម្តែងទស្សនីយភាពល្ខោន យីកេខ្នាតធំ រឿងតេជោជ្រែកដី” កម្មវិធីឡើងសសរខ្លាញ់យករង្វាន់ម៉ូតូ ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ៕

To Top