ព័ត៌មានអន្តរជាតិ

ចៅក្រមអាមេរិក បញ្ជារដ្ឋបាលលោក Donald Trump ដាក់ឱ្យអនុវត្តឡើងវិញ នូវបុគ្គលិករាប់ពាន់នាក់ ដែលបានបាត់បង់ការងារ

AFP

បរទេស ៖ ចៅក្រមសហព័ន្ធរដ្ឋ កាលីហ្វ័រញ៉ា កាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាឱ្យទីភ្នាក់ងារចំនួន ៦ របស់សហរដ្ឋអាមេរិក ដាក់ឱ្យអនុវត្តឡើងវិញ នូវបុគ្គលិក ដែលបានជួលថ្មីៗរាប់ពាន់នាក់ដែលបានបាត់បង់ការងារ ដែលជាផ្នែកមួយ នៃការបោសសម្អាតកម្លាំងការងារ សហព័ន្ធរបស់ប្រធានាធិបតី Donald Trump ។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា សេចក្តីសម្រេចរបស់ចៅក្រមស្រុកអាមេរិក លោក William Alsup ក្នុងអំឡុងពេលសវនាការនៅ San Francisco គឺជាការប៉ះទង្គិចដ៏សំខាន់បំផុត ចំពោះការខិតខំប្រឹងប្រែងរបស់ Trump និងទីប្រឹក្សាកំពូលលោក Elon Musk ដើម្បីបង្រួមការិយាធិបតេយ្យ សហព័ន្ធយ៉ាងខ្លាំង។ ទីភ្នាក់ងាររដ្ឋាភិបាលប្រឈម នឹងកាលបរិច្ឆេទផុត កំណត់នៅថ្ងៃព្រហស្បតិ៍ ដើម្បីដាក់ផែនការសម្រាប់រលកទីពីរ នៃការបញ្ឈប់បុគ្គលិក និងកាត់បន្ថយថវិការបស់ពួកគេ ។

សេចក្តីសម្រេចរបស់ លោក Alsup អនុវត្តចំពោះបុគ្គលិកសាកល្បងនៅក្រសួងការពារជាតិសហរដ្ឋអាមេរិក ក្រសួងកិច្ចការអតីតយុទ្ធជន ក្រសួងកសិកម្ម ក្រសួងថាមពល ក្រសួងមហាផ្ទៃ និង ក្រសួងហិរញ្ញវត្ថុ។

ចៅក្រមបាននិយាយថា ការិយាល័យគ្រប់គ្រងបុគ្គលិក របស់សហរដ្ឋអាមេរិក ដែលជាក្រសួងធនធានមនុស្ស សម្រាប់ទីភ្នាក់ងារសហព័ន្ធ បានបញ្ជាឱ្យភ្នាក់ងារទាំងនោះដោយមិនត្រឹមត្រូវ ឱ្យបណ្តេញកម្មករចេញជាទ្រង់ទ្រាយធំ ទោះបីជាវាខ្វះអំណាច ដើម្បីធ្វើដូច្នេះក៏ដោយ៕

To Top