ព័ត៌មានអន្តរជាតិ

លោក ពូទីន អះអាងថា រុស្ស៊ី ពេញចិត្តលើបទឈប់បាញ់ ប៉ុន្តែមានភាពខុសគ្នា

AFP

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ប្រទេសរុស្ស៊ី “ពេញចិត្ត” លើផែនការបទឈប់បាញ់រយៈពេល ៣០ ថ្ងៃ ដែលស្នើឡើង ដោយសហរដ្ឋអាមេរិក និងអ៊ុយក្រែន ប៉ុន្តែមានភាពខុសគ្នា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក ពូទីន បានឲ្យដឹងនៅក្នុងសន្និសីទ កាសែត ជាមួយលោកប្រធានាធិបតីបេឡារុស្ស អាឡិចសាន់ឌឺ លូកាសិនកូ ថា “យើងយល់ស្របនឹងសំណើដើម្បីបញ្ឈប់អរិភាព ប៉ុន្តែយើងបន្តពីការពិតដែលថា ការបញ្ឈប់នេះគួរតែជាវិធីមួយដែលនាំទៅរកសន្តិភាពយូរអង្វែង និងលុបបំបាត់មូលហេតុដើមនៃវិបត្តិនេះ” ។

លោក ពូទីន បានកត់សម្គាល់ពីការលំបាក ក្នុងការត្រួតពិនិត្យការរំលោភបទឈប់បាញ់ នៅតាមបណ្តោយខ្សែទំនាក់ទំនង ២,០០០ គីឡូម៉ែត្រនៃជម្លោះ ហើយបានលើកឡើង ពីបញ្ហាដែលអ៊ុយក្រែនអាចប្រើប្រាស់បទឈប់បាញ់បណ្តោះអាសន្ន សម្រាប់ការចល័ត និងការផ្គត់ផ្គង់អាវុធ ។ លោកបានលើកឡើង ពីភាពមិនច្បាស់លាស់ទាក់ទងនឹងតំបន់ Kursk ដែលកងកម្លាំងរុស្ស៊ី បាននឹងកំពុងរុញច្រាន កងកម្លាំងអ៊ុយក្រែនមកវិញ បន្ទាប់ពីការវាយប្រហារ ឆ្លងព្រំដែនដ៏គួរឱ្យភ្ញាក់ផ្អើល របស់ពួកគេកាលពីខែសីហា ឆ្នាំ២០២៤។

លោក ពូទីន បានលើកឡើងថា “សម្រាប់ស្ថានភាពនៅលើដី វាកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ដោយកត់សម្គាល់ការដណ្តើមយកទីក្រុងសំខាន់នៃតំបន់ Sudzha ក្នុងទីក្រុង Kursk ឡើងវិញរបស់កងកម្លាំងរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងនៅមុននេះថា ប្រតិបត្តិការរុស្ស៊ីនៅតំបន់ Kursk បានឈានចូលដល់ដំណាក់កាល ចុងក្រោយរបស់ខ្លួនហើយ។

លោក ពូទីន បានបន្ដថា លោកអាចនឹងទូរស័ព្ទទៅកាន់លោក ត្រាំ ដើម្បីពិភាក្សាអំពីបញ្ហានេះ ។ ប្រធានាធិបតីរុស្ស៊ីរូបនេះ បានបន្ថែមថា រុស្ស៊ីនឹងចរចា ជំហានបន្ទាប់ដើម្បីបញ្ចប់ជម្លោះ និងឈានដល់កិច្ចព្រមព្រៀងដែលអាចទទួលយកបានដោយផ្អែកលើស្ថានភាព “នៅលើដី” ។

គួរបញ្ជាក់ថា អ៊ុយក្រែន កាលពីថ្ងៃអង្គារបានបង្ហាញពីការត្រៀមខ្លួនរបស់ខ្លួនក្នុងការទទួលយកសំណើរបស់សហរដ្ឋអាមេរិកសម្រាប់ “បទឈប់បាញ់បណ្តោះអាសន្នរយៈពេល ៣០ ថ្ងៃជាបន្ទាន់” បន្ទាប់ពីកិច្ចពិភាក្សាជាមួយគណៈប្រតិភូសហរដ្ឋអាមេរិកនៅទីក្រុង Jeddah នេះបើយោងតាមសេចក្តីថ្លែងការណ៍ រួមរបស់ពួកគេ៕

To Top