តូក្យូ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Katsunobu Kato បានឲ្យដឹងថា លោកបានប្រាប់សមភាគីទាំងប្រាំពីរ G7 របស់លោកថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការដាក់ពន្ធលើការនាំចូលដែក និងអាលុយមីញ៉ូមទាំងអស់គឺ “គួរឱ្យសោកស្តាយ” ក្នុងអំឡុងពេលកិច្ចប្រជុំអនឡាញរបស់ពួកគេកាលពីថ្ងៃចន្ទ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃច្បាប់ពាណិជ្ជកម្មសកល។
លោក Kato បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតូក្យូបន្ទាប់ពីការប្រមូលផ្តុំនិម្មិតដែលដឹកនាំដោយប្រទេសកាណាដាក្នុងនាមជាម្ចាស់ផ្ទះ G7 ឆ្នាំនេះថាគោលនយោបាយឧស្សាហកម្មរួមទាំងពន្ធគយ “គួរតែធានាបាននូវការព្យាករណ៍” ហើយការសម្រេចចិត្តត្រូវតែ “ផ្អែកលើច្បាប់អន្តរជាតិ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
លោកបានលើកឡើងថា “ដោយមើលឃើញពីស្ថានភាពពិភពលោកបច្ចុប្បន្ន G7 នឹងដឹកនាំប្រព័ន្ធសេដ្ឋកិច្ចអន្តរជាតិដោយសេរី បើកចំហ និងផ្អែកលើច្បាប់” ដែលជាក់ស្តែងសំដៅដល់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ដែលបានបន្តគោលការណ៍ “America First” របស់លោក ដើម្បីជំរុញសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោក។
ចាប់តាំងពីការសម្ពោធរបស់លោកនៅថ្ងៃទី ២០ ខែមករាមក រដ្ឋបាលរបស់លោក ត្រាំ បានប្រកាសពន្ធជាបន្តបន្ទាប់ ដូចជាពន្ធ ២៥ ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូមទាំងអស់ ដែលបានចូលជាធរមានកាលពីថ្ងៃពុធសប្ដាហ៍មុន ដែលបង្កឱ្យមានការសងសឹកដោយដៃគូពាណិជ្ជកម្មសំខាន់ៗមួយចំនួនរបស់ខ្លួន។
វិធានការផ្សេងទៀតរួមមានការយកពន្ធប្រហែល ២៥ ភាគរយលើរថយន្តដែលនាំចូល កើនឡើងពី ២.៥ ភាគរយ ជាមួយនឹងព័ត៌មានលម្អិតទំនងជាត្រូវបានប្រកាសនៅខែក្រោយ ដែលអាចមានផលប៉ះពាល់ដល់វិស័យរថយន្តរបស់ប្រទេសជប៉ុន។ លោក Kato បានបន្ថែមថា “ប្រទេសជប៉ុននឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក” ៕
ប្រែសម្រួល ឈូក បូរ៉ា
