ព័ត៌មានអន្តរជាតិ

ឥទ្ធិពល នៃគោលនយោបាយ បើកចំហរ របស់ចិន ចំពោះសេដ្ឋកិច្ចសាកល

ខែមីនា ឆ្នាំ២០២៥ ជាពេលវេលា នៃការរៀបចំ “មហាសន្និបាតសភាទាំងពីរ” របស់ចិន ដែលមកពីពាក្យពេញថា “មហាសន្និបាតសភា តំណាងប្រជាជន ទូទាំងប្រទេសចិន”និង “មហាសន្និបាត សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន” ជារៀងរាល់ឆ្នាំ ប្រទេសចិន បានបើកកិច្ចប្រជុំពេញអង្គ ជាបន្តបន្ទាប់គ្នា ក្នុងមួយអាណត្តិមានចំនួន ៥ ឆ្នាំ។ ក្នុងពេលបើក “មហាសន្និបាតសភាទាំងពីរ” អ្នកតំណាង “មហាសន្និបាតសភាទាំងពីរ” នឹងធ្វើការប្រមូលនិង រៀបចំមតិ និង សំណូមពរដែលទទួលបានពីប្រជាជន ហើយបញ្ជូនទៅឱ្យមជ្ឈឹមបក្ស ។
មហាសន្និបាតសភា តំណាងប្រជាជនទូទាំងប្រទេសចិន គឺជាស្ថាប័នសិទ្ធិអំណាច កំពូលរបស់ប្រទេសចិន។ នៅប្រទេសចិន ប្រជាជនជ្រើសរើសតំណាង របស់ខ្លួន តាមរយៈការបោះឆ្នោតដោយប្រជាធិបតេយ្យ ហើយបង្កើត បានជាមហាសន្និបាតសភាតំណាងប្រជាជន ដើម្បីប្រមូលផ្ដុំការ អនុវត្តសិទ្ធិអំណាចរបស់រដ្ឋ។

ពិភពលោកនៅចាំបានយ៉ាងច្បាស់ថា ប្រធានរដ្ឋចិន បានអធិប្បាយគ្រប់ជ្រុងជ្រោយ ពោរពេញដោយភក្តីភាព ក្នុងកិច្ចកសាងប្រទេសចិន ប្រកបដោយវិបុលភាព ឧត្តមភាព និង លក្ខណៈពិសេស នៃប្រជាធិបតេយ្យ របស់ប្រជាជនក្នុងដំណើរការទាំងមូល និងបានចង្អុលបង្ហាញ ទិសដៅសម្រាប់អភិវឌ្ឍប្រព័ន្ធនយោបាយ ប្រជាធិបតេយ្យ និង សេដ្ឋកិច្ចសង្គមនិយមបែបចិនក្នុងយុគសម័យថ្មី ។ បទពិសោធន៍របស់ប្រទេសចិនលើ ប្រព័ន្ធមហាសន្និបាតទាំង២នេះ ត្រូវបានបណ្តាប្រទេសនានាបាននិងកំពុងឈ្វេងយល់ រៀនសូត្រ ចែករំលែក និងបង្កើនការតាមដានយ៉ាងយកចិត្តទុកដាក់ ជាពិសេសប្រធានបទសំខាន់នៃការលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសចិន ដែលនឹងត្រូវប្រសូតចេញពីមហាសន្និបាត សភាទាំងពីរ ក្នុងឆ្នាំ២០២៥នេះ។

ជាលទ្ធផល យើងមើលឃើញថា ផលិតផលក្នុងស្រុកសរុបរបស់ចិនក្នុងឆ្នាំ២០២៤ សម្រាប់ប្រជាជនម្នាក់ៗ បានកើនដល់ប្រមាណ $13,000 ដុល្លារអាមេរិក ដែលកំណើននេះ មានល្បឿនលឿន គួរឱ្យកត់សម្គាល់ ដែលអាចធ្វើឱ្យពិភពលោកមើលឃើញនូវ ការអភិវឌ្ឍរបស់ចិន តាមរយៈការបើកចំហរ សេដ្ឋកិច្ច មានការជឿជាក់លើមាគ៌ា ទំនើបកម្មសង្គមនិយមតាមបែបផែនចិន ព្រោះមហាសន្និបាតទាំងពីរនេះ គឺជាមាគ៌ាដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យបើកចំហរ កម្រិតខ្ពស់ ទូលាយ និង មានឋាមភាព រួមចំណែកក្នុងការដឹកនាំប្រទេស និង ប្រជាជាតិចិនឆ្ពោះទៅរកភាពជឿនលឿន ក្នុងសាកលលោក ។

ការដាក់ចេញនូវគោលនយោបាយ និង យុទ្ធសាស្រ្តនានា នៃមហាសន្និបាតសភាទាំងពីរ បានដឹកនាំឱ្យប្រទេសចិនមានការអភិវឌ្ឍ និង រីកចម្រើនគួរ ឱ្យកត់សម្គាល់ជាពិសេសលើវិស័យសេដ្ឋកិច្ច ក្នុងខណៈដែលពិភពលោក កំពុងជួបប្រទះនូវភាពមិនប្រាកដច្បាស់នៃការលូតលាស់ផ្នែកសេដ្ឋកិច្ច និង ការបង្កនូវភាពតានតឹង ដល់វិស័យពាណិជ្ជកម្ម ដែលបានកំណត់ដោយលោក ត្រាំ ។ កម្លាំងចលករផលិតកម្ម ក្នុងវិស័យសេដ្ឋកិច្ចចិន ក៏នៅតែមានឋាមពលខ្ពស់ នៅក្នុងការវិលទៅមុខមិនរាថយក្នុងបរិបទនៃភាពមិនប្រាកដច្បាស់ ក៏ដូចជាក្នុងបរិបទនៃសំពាធពាណិជកម្មផងដែល ដែលទាំងនេះ យើងវិភាគឃើញថា សុទ្ធតែបានកើតចេញ ពីការកំណត់គោលនយោបាយ និង គោលជំហររបស់ចិន តាមរយៈមហាសន្នបាទ ទាំងពីររបស់ចិន ។

យើងខ្ញុំយល់ថា មហាសន្និបាតទាំងពីរ របស់ចិន ជាមហាសន្នបាតដ៏មានសារសំខាន់បំផុតមួយ សម្រាប់ប្រទេសចិន ក៏ដូចជាបណ្តាប្រទេស នានាលើសាកលលោក យកគំរូតាម ដើម្បីធ្វើការស្តាប់មតិរបស់ប្រជាជន និង កំណត់គោលនយោបាយអាទិភាពបានត្រឹមត្រូវ សម្រាប់បង្កើននូវភាពស៊ាំ សម្រាប់សេដ្ឋកិច្ចក្នុងដំណាក់បច្ចុប្បន្ននេះ ៕

ដោយ បណ្ឌិត គី សេរីវឌ្ឍន៍ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

To Top