ព័ត៌មានជាតិ

លោក ហួត ហាក់៖ ក្រោយអាកាសយានដ្ឋានអន្តរជាតិតេជោបើកដំណើរ បូករួមចក្ខុវិស័យអភិវឌ្ឍវិស័យទេសចរណ៍ ភ្ញៀវទេសចរអន្តជាតិនឹងកើនលើសការរំពឹងទុក

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជឿជាក់ថា បន្ទាប់ពីដាក់ដំណើរការសមិទ្ធផលថ្មី អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានលំដាប់ថ្នាក់អន្តរជាតិ រួមជាមួយនឹងចក្ខុវិស័យអភិវឌ្ឍវិស័យទេសចរណ៍របស់ក្រសួងទេសចរណ៍ទៀតនោះ នឹងធ្វើឱ្យចំនួនភ្ញៀវទេសចរអន្តរជាតិ មកកាន់កម្ពុជា នឹងមានកំណើនច្រើនជាងការរំពឹងទុក ។

ការថ្លែងរបស់លោករដ្ឋមន្ត្រី ហួត ហាក់ ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាព នៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ ។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កំណើនភ្ញៀវទេសចរអន្តរជាតិ បាននឹងកំពុងមានសន្ទុះគួរឱ្យកត់សម្គាល់ តួយ៉ាងចំនួនភ្ញៀវទេសចរក្នុងឆ្នាំ២០២៤ មានការកើនឡើង២៣% ធៀបនឹងឆ្នាំ២០២៣ ពោលឈានដល់៦លាន៧សែននាក់ ខណៈដែលក្រសួងទែសចរណ៍ រំពឹងថា នៅក្នុងឆ្នាំ២០២៥នេះ នឹងបន្តកើនឡើងឈានដល់ ៧លាន២សែននាក់ ទៅដល់៧លាន៥សែននាក់ ។

បន្ថែមលើនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការរំពឹងទុករបស់ក្រសួងទេសចរណ៍ ធ្វើឡើងនៅមុនពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ នៅមិនទាន់បើកដំណើរការនៅឡើយ ដូច្នេះបន្ទាប់ពីបើកដំណើរការអាកាសយានដ្ឋានថ្មីនេះ ភ្ញៀវទេសចរអន្តរជាតិ មកកម្ពុជា នឹងមានសន្ទុះកើនឡើង តាមរយៈការធ្វើដំណើរប្រកបដោយផាសុភាព ជាមួយនឹងព្រលានយន្តហោះ​ដែលមានលក្ខណៈស្តង់ដារអន្តរជាតិ ជាប់លំដាប់ថ្នាក់លេខ៩លើពិភពលោកមួយនេះ ។

លោក រដ្ឋមន្ត្រី ហួត ហាក់ មានប្រសាសន៍ថា “ភ្ញៀវទេសចរណ៍របស់យើង តាមអ្វីដែលយើងបានជាចក្ខុវិស័យរបស់យើង ដូចខ្ញុំបានបញ្ជាក់ ២០២៥នេះ យើង​រំពឹងថា នឹងមានពី៧លាន២សែននាក់ ទៅ៧លាន៥សែននាក់ ឥឡូវបើយើង តាមតួរលេខខែមករា និងខែកុម្ភៈ គឺយើងសម្រេចបានតាមអ្វីដែលយើងចង់បានហើយ ។ ហើយសង្ឃឹមថា ជាមួយនឹងផលិតផលថ្មី (អាកាសយានដ្ឋានអន្តរជាតិតេជោ) បន្ថែមដូចផលិតផលព្រលានយន្តហោះអន្តរជាតិនេះ ហើយជាមួយនឹងអ្វីដែលជាការចង្អុលទិសជាប់ជាប្រចាំ របស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងការរួមចំណែកដើម្បីធ្វើមិចអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា យើងសង្ឃឹមថា ចំនួនភ្ញៀវនឹងកើនលើសពីការរំពឹងទុករបស់យើង” ។

ឆ្លើយតបនឹងការរំពឹងនូវកំណើនភ្ញៀវទេសចរអន្តរជាតិនេះ ក្រៅពីសមិទ្ធផលអាកាសយានដ្ឋានលំដាប់អន្តរជាតិតេជោ ហើយនោះ នៅមានចំណុចទាក់ទាញជាច្រើន ដែលលោក ហួត ហាក់ បញ្ជាក់ថា បូករួមកត្តាកម្ពុជា មានសក្តានុពលទេសចរណ៍ខ្ពស់ និងសំបូរបែប មិនត្រឹមតែទេសចរណ៍វប្បធម៌ ទេសចរណ៍ធម្ម​ជាតិ ទេសចរណ៍បេតិកភណ្ឌនោះទេ កម្ពុជាមានអេកូទេសចរណ៍ ទេសចរណ៍ធុរកិច្ច ហើយបន្ថែមទេសចរណ៍សាសនាផងដែរ ។ ក្នុងនោះក្រសួងទេសចរណ៍ ក៏កំពុងខិតខំធ្វើយ៉ាងណា អនុវត្តឱ្យបានតាមស្តង់ដារនិយាមអន្តរជាតិ គឺទេសចរណ៍ ដែលមានលក្ខណៈនិរន្តរភាព បរិយាបន្ន និងទេសចរណ៍បៃតង ស្អាត វៃឆ្លាត និងឌីជីថល៕

To Top