ព័ត៌មានអន្តរជាតិ

លោក Musk វាយប្រហារអាហ្វ្រិកខាងត្បូង និងរិះគន់ថា ជារដ្ឋដែលគាំទ្រការប្រល័យពូជសាសន៍ លើជនជាតិស្បែកស

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោកElon Musk បាននិយាយម្តងហើយម្តងទៀតនៅឯប្រទេសកំណើត របស់គាត់គឺអាហ្វ្រិកខាងត្បូងអំពី អ្វីដែលគាត់អះអាងថា ការផ្សព្វផ្សាយសកម្ម នៃ ការប្រល័យពូជសាសន៍លើជនជាតិស្បែកស។

នៅក្នុងការបង្ហោះនៅលើ X កាលពីថ្ងៃអាទិត្យ មហាសេដ្ឋីបច្ចេកវិទ្យារូបនេះបានសរសេរថា សេវាអ៊ីនធឺណេតផ្កាយរណប Starlink របស់គាត់មិនអាចដំណើរការ នៅក្នុងប្រទេសអាហ្រ្វិកបានទេ ដោយសារគាត់ មិនមែនជាជាតិស្បែកខ្មៅ។

ការកត់សម្គាល់របស់លោក Musk បានកើតឡើងចំពេលមានភាពតានតឹងរវាងទីក្រុង Pretoria និង Washington ជុំវិញច្បាប់ស្តីពីការដកហូតដីធ្លីដ៏ចម្រូងចម្រាស ដែលបានចុះហត្ថលេខាកាលពីខែមករា ដែលអនុញ្ញាតឱ្យមានការរឹបអូសយកដី ដោយគ្មានសំណង និងមានគោលបំណងដោះស្រាយវិសមភាព យូរអង្វែងរវាងជនជាតិអាហ្វ្រិកខាងត្បូងស្បែកខ្មៅ និងជនជាតិភាគតិច Afrikaner ដែលកាន់កាប់ជិត៧៥ភាគរយ នៃដីស្រែទំនេររបស់ប្រទេស។

ប្រធានាធិបតីអាមេរិកលោក Donald Trump បានថ្កោលទោសច្បាប់នេះថាជា សកម្មភាពដ៏អាក្រក់ ដែលកំណត់គោលដៅដោយអយុត្តិធម៌ ចំពោះជនជាតិស្បែកសអាហ្វ្រិកខាងត្បូង ហើយបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដែលដឹកនាំភ្នាក់ងារសហព័ន្ធឱ្យកាត់បន្ថយជំនួយ ដល់ប្រទេសក្នុងគោលបំណងដាក់សម្ពាធលើទីក្រុង Pretoria ឱ្យលុបចោលគោលនយោបាយនេះផងដែរ។

គួរឲ្យដឹងដែរថាលោកMusk ដែលជាទីប្រឹក្សាជិតស្និទ្ធរបស់លោក Trump ដែលកើតនៅទីក្រុង Pretoria ក៏ធ្លាប់បានបញ្ចេញសំលេងរិះគន់ ចំពោះច្បាប់របស់គាត់ផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top