ភ្នំពេញ៖ អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ បានចេញលិខិតជូនដំណឹងបង្គាប់ឲ្យលោក ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយត្រូវប្រគល់កូនស្រីឈ្មោះ ឌួង រាជនីគុជ ទៅឲ្យអ្នកនាង ដេត ម៉ាលីណា ត្រឹមរយៈពេល៧ថ្ងៃចាប់ពីថ្ងៃ២៦ មីនា ដល់២ មេសា ឆ្នាំ២០២៥ខាងមុខ ។
យោងតាមលិខិតជូនដំណឹងអំពីការអនុវត្ត របស់អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃ២៦ មីនានេះបានឲ្យដឹងថា ក្នុងករណីដែលលោក ឌួង ឆាយ ពុំព្រមធ្វើការអនុវត្តដោយស្ម័គ្រចិត្ត និងមិនអនុវត្តតាមអំណាចនៃដីកាសម្រេចនោះទេ អាជ្ញាសាលា នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត ។
លិខិតបានឲ្យដឹងទៀតថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ អាជ្ញាសាលាបានចុះអនុវត្តដីកា សម្រេចនេះម្តងរួចមកហើយ ប៉ុន្តែការអនុវត្តមិនបានសម្រេច។ អំពើដែលមិនអនុវត្តសេចក្តីសម្រេច របស់តុលាការគឺជាបទល្មើសព្រហ្មទណ្ឌ “បទធ្វើឲ្យបាត់ជំនឿ លើសេចក្តីសម្រេចរបស់តុលាការ” ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ៦ ខែ និងពិន័យជាប្រាក់ពីមួយសែនរៀល ទៅមួយលានរៀល ៕
