ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ លោក សន សៃស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បានបង្ហាញការគាំទ្រ ចំពោះគំនិតផ្តួចផ្តើម សិក្សាបង្កើតច្រកទ្វារព្រំដែន ជាមួយខេត្តរតនគិរី និងបានលើកទឹកចិត្ត ឱ្យរដ្ឋបាល ខេត្តជាប់ព្រំដែន ខិតខំពង្រឹងកិច្ចសហការ ជាមួយគ្នាឱ្យ បនជិតស្និទ្ធ លើការងារថែរក្សាសន្តិសុខ តាមខ្សែបន្ទាប់ព្រំដែន ។
នេះបើតាមលោក រ៉េន រតនៈ អ្នកនាំពាក្យ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយបញ្ចប់ទស្សនកិច្ចនៅឡាវ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ។

ក្នុងជំនួបនោះ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា ក៏បានជម្រាបជូន នាយករដ្ឋមន្ត្រី នូវការគាំទ្រ ប្រកបដោយភាពជឿជាក់ ចំពោះលទ្ធផល នៃជំនួបរវាងថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ ដែលជាសក្ខីភាពបញ្ជាក់យ៉ាង ច្បាស់អំពីកិច្ចសហប្រតិបត្តិការដ៏ល្អ ជាពិសេសការជួយគាំទ្រ គ្នាទៅវិញទៅមក ឈរលើស្មារតីមិត្តភាព និងសាមគ្គីភាព ក្នុង បុព្វហេតុរួមនៃសុខុមាលភាពរបស់ប្រជាជន នៃប្រទេសទាំងពីរ តាមស្មារតី នៃ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គង់វង្ស និងយូរអង្វែង។
ភ្ជាប់នឹងការជម្រាបជូនដោយសង្ខេបអំពីលទ្ធផល នៃជំនួបទ្វេភាគី និងកិច្ចប្រជុំពេញអង្គ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា បានស្នើសុំ នាយករដ្ឋមន្ត្រី ផ្តល់ការគាំទ្រ និងជួយជ្រោមជ្រែង ការអនុវត្តកិច្ចសហប្រតិបត្តិការឆ្នាំ ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ឱ្យសម្រេចបានជោគជ័យ ផងដែរ។
ជាការឆ្លើយតប លោក សន សៃស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បាន កោតសរសើរប្រកបដោយការលើកទឹកចិត្ត ចំពោះ រដ្ឋមន្ដ្រីមហាផ្ទៃកម្ពុជា ដែលបានដឹកនាំក្រសួងមហាផ្ទៃយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព រួមចំណែកធ្វើឱ្យរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនារបស់ សម្តេចធិបតី សម្រេចបានមសិទ្ធផលជាច្រើនជូនជាតិ និងប្រជាជនកម្ពុជា។

នាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃជាវិជ្ជមានចំពោះលទ្ធ ផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ក្នុងឆ្នាំ២០២៤ និងបង្ហាញការ ជឿជាក់ថាស្ថាប័នទាំងពីរនឹងខិតខំពង្រឹង កិច្ចសហប្រតិបត្តិការដូចមាន ក្នុងកំណត់ហេតុឆ្នាំ២០២៥ ឱ្យសម្រេចបានជោគជ័យ ។
នាយករដ្ឋមន្ត្រីឡាវ ក៏បានបង្ហាញការគាំទ្រ ចំពោះគំនិតផ្តួចផ្តើមសិក្សាបង្កើត ច្រកទ្វារព្រំដែនជាមួយខេត្តរតនគិរី និងបានលើកទឹកចិត្ត ឱ្យរដ្ឋបាលខេត្តជាប់ព្រំដែន រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់កម្រិត ខិតខំពង្រឹង កិច្ចសហការជាមួយគ្នាឱ្យ បានជិតស្និទ្ធ លើការងារថែរក្សា សន្តិសុខ តាមខ្សែបន្ទាប់ព្រំដែន ជាពិសេសការ ទប់ស្កាត់បទល្មើស និង ខិតខំបង្កលក្ខណៈឱ្យ បានកាន់តែប្រសើរឡើង ថែមទៀត លើការជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន៕
