ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឱ្យលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី សិក្សាលទ្ធភាពក្នុងការផ្តល់កម្ចី ក្នុងអត្រាសមរម្យ សម្រាប់ជួយដល់សហគមន៍ទេសចរណ៍ និងឱ្យជួយផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍កម្ពុជា ក្នុង Website ACLEDA និង App របស់ធនាគារផងដែរ ។
ការស្នើឡើងរបស់លោករដ្ឋមន្ត្រី ខាងលើនេះ ធ្វើឡើងក្នុងឱកាសលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការលើការផ្តល់សេវាកម្មឌីជីថល របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បីសម្រួសដល់ការបង់ថ្លៃ ការស្នើសុំអាជ្ញាប័ណ្ណទេសចរណ៍ តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន និងសេវាផ្សេងៗ ដែលពាក់ព័ន្ធក្រៅពីអាជ្ញាប័ណ្ណទេសចរណ៍ ។
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី និងប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី ក៏បានពិភាក្សា លើការពិនិត្យលទ្ធភាពក្នុងការគាំទ្រវិស័យទេសចរណ៍ តាមរយៈការផ្តល់កម្ចីសម្រាប់ជួយដល់វិស័យទេសចរណ៍ សណ្ឋាគារ ជាពិសេសតំបន់ ក្នុងគម្រោងយុទ្ធសាស្រ្តផែនការមេ របស់រដ្ឋាភិបាល រួមមាន៖ សៀមរាប ក្រុងព្រះសីហនុ កែប មណ្ឌលគីរី ព្រមទាំងកិច្ចសហការចំពោះសហគមន៍ទេសចរណ៍ ដែលមានការលក់ដូរផ្សេងៗ ឱ្យមានការប្រើប្រាស់ KHQR របស់ធនាគារ នឹងមានផ្តល់កម្ចី (Merchant OD សំដៅដល់កម្ចី) សម្រាប់ធ្វើអាជីវកម្មផងដែរ ។
ប្រតិបត្តិតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ក្នុងពិធីបើកជាផ្លូវការនូវព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ លោក ហួត ហាក់ បានឱ្យធនាគារសិក្សាលទ្ធភាព ក្នុងការផ្តល់កម្ចីក្នុងអត្រាសមរម្យ សម្រាប់ជួយដល់សហគមន៍ទេសចរណ៍ និងបានឱ្យធនាគារជួយផ្សព្វផ្សាយ តំបន់សក្តានុពលទេសចរណ៍កម្ពុជាក្នុង Website ACLEDA និង App របស់ ធនាគាររបស់ ACLEDA តួយ៉ាងប្រសិនបើមានដំណើរទស្សនកិច្ចប្រចាំឆ្នាំ របស់ធនាគារ ឬដំណើរកម្សាន្តផ្សេងៗ ស្នើឱ្យធនាគារធ្វើដំណើរកម្សាន្ត ទៅកាន់សហគមន៍ទេសចរណ៍ ដូចជា៖ ខ្នងផ្សារ, កំពង់ភ្លុក ព្រមទាំងស្នើសុំឱ្យមាននៅក្នុង រដូវកាលបៃតង (Green Season) ផងដែរ៕







