បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា ការសម្រេចចិត្តដាក់ពន្ធធ្វើឱ្យ សហរដ្ឋអាមេរិកគ្រប់គ្រងស្ថានការណ៍ ហើយថា ថាតើពន្ធត្រូវបានកាត់បន្ថយឬអត់ គឺអាស្រ័យលើអ្វីដែលដៃគូនាំ យកមកសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃទី ៣ ខែមេសាថា “គ្រប់ប្រទេសទាំងអស់ហៅខ្ញុំ។ នោះជាភាពស្រស់ស្អាតនៃអ្វីដែលយើងធ្វើ។ យើងគ្រប់គ្រងស្ថានការណ៍” ។
សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងដោយលោក Trump មួយថ្ងៃបន្ទាប់ពីលោកបានប្រកាសពន្ធទៅវិញទៅមកលើដៃគូពាណិជ្ជកម្មជាង ១៨០ ជុំវិញពិភពលោក ដែលធ្វើអោយទីផ្សារពិភពលោកភ្ញាក់ផ្អើល និងបង្កឱ្យមានការតវ៉ាពីប្រទេសជាច្រើន។
ក្រោមការបញ្ជារបស់លោក Trump ប្រហែលពាក់កណ្តាល នៃសេដ្ឋកិច្ចនឹងត្រូវដាក់ពន្ធទូទៅ ១០ភាគរយ ចាប់ពីថ្ងៃទី ៥ ខែមេសា។ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិក នឹងទទួលរងនូវអត្រាខ្ពស់រហូតដល់ ៥០ភាគរយ ចាប់ពីថ្ងៃទី ៩ ខែមេសា ដែលមានន័យថា សេដ្ឋកិច្ចទាំងនេះមានពេលជិតមួយសប្តាហ៍ ដើម្បីចរចាជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីអត្រាពន្ធ។
នៅពេលសួរថាតើគាត់នឹងចរចា ដើម្បីកាត់បន្ថយពន្ធឬអត់, លោក Trump បានឆ្លើយតបថា “វាអាស្រ័យលើ។ ពន្ធនឹងត្រូវកាត់បន្ថយតែប៉ុណ្ណោះ ប្រសិនបើពួកគេផ្តល់ឱ្យយើងនូវអ្វីដែលល្អ” ។
វាមិនច្បាស់ថា “រឿងល្អ” អ្វី ដែលលោក Trump លើកឡើងនៅក្នុងការចរចានោះទេ ប៉ុន្តែម្ចាស់សេតវិមានរូបនេះ បានបញ្ជាក់ថា ការដាក់ពន្ធផ្តល់ឱ្យសហរដ្ឋអាមេរិក នូវអំណាចដ៏អស្ចារ្យនៅក្នុងការចរចា ៕
ប្រែសម្រួលៈ ណៃ តុលា
