ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី ពង្រីកបទបញ្ជាគ្រប់គ្រងចលនា ៣ដង រហូតដល់ថ្ងៃទី១២ឧសភា ដើម្បីការពារមេរោគឆ្លង ខណៈអ្នកស្លាប់មាន ៩៥នាក់

កូឡាឡាំពួរ៖ បទបញ្ជាគ្រប់គ្រងចលនា របស់ប្រទេសម៉ាឡេស៊ី (MCO) ត្រូវបានពន្យាពេលម្តងទៀតដោយរយៈពេល ១៤ ថ្ងៃទៀត រហូតដល់ថ្ងៃទី ១២ ខែឧសភា ដែលត្រូវបានប្រកាសដោយនាយករដ្ឋមន្រ្តី Muhyiddin Yassin កាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃទី ២៣ ខែមេសា) ។

យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា MCO ដែលបានចាប់ផ្តើមនៅថ្ងៃទី ១៨ ខែមីនា ត្រូវបានពង្រីកបន្ថែមចំនួន ២ ដង។ គេរំពឹងថានឹងបញ្ចប់នៅថ្ងៃទី ២៨ ខែមេសា។

លោក Muhyiddin នាយករដ្ឋមន្រ្តី បានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍នៅមុន ថ្ងៃបុណ្យរ៉ាម៉ាដានថា “ទោះបីជាចំនួននេះបានបង្ហាញលទ្ធផលវិជ្ជមានក៏ដោយ ជំហានដែលយើងកំពុងអនុវត្តត្រូវតែបន្តរហូតដល់ពេលវេលាដែលយើងជឿជាក់ថា ជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានគ្រប់គ្រងទាំងស្រុង” ។

ជាមួយនឹងការពន្យាពេល ចុងក្រោយនេះ ប្រទេសម៉ាឡេស៊ីនឹងស្ថិតនៅក្រោមការរឹតត្បិត ចលនាសរុបចំនួន ៥៦ ថ្ងៃដើម្បីទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ១៩។

នៅក្រោមបទបញ្ជា MCO, ការធ្វើដំណើរអន្តររដ្ឋ និងអន្តរជាតិត្រូវបានហាមឃាត់។ សាលារៀននិងអាជីវកម្មដែលមិនចាំបាច់ត្រូវបានបញ្ជាឱ្យបិទទ្វារ ខណៈពេលដែលប្រជាជន ត្រូវបានគេជំរុញឱ្យនៅផ្ទះ ដើម្បីបំបែកខ្សែសង្វាក់នៃការឆ្លងមេរោគ។

សូមជម្រាបថា ម៉ាឡេស៊ី មានករណីឆ្លងមេរោគកូវីដ១៩ សរុបចំនួន ៥.៦០៣ ករណី និងមានអ្នកស្លាប់ចំនួន ៩៥ នាក់គិតត្រឹមថ្ងៃព្រហស្បតិ៍។ អ្នកជំងឺសរុបចំនួន ៣.៥៤២ នាក់បានជាសះស្បើយ៕ប្រែសម្រួលៈ ណៃ តុលា

To Top