បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត Bloomberg បានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសចិន បាននឹងកំពុងនាំចូលប្រេងឆៅ ក្នុងបរិមាណដ៏ច្រើន ពីប្រទេសកាណាដា និងកាត់បន្ថយការផ្គត់ផ្គង់ ពីសហរដ្ឋអាមេរិកយ៉ាងខ្លាំង ដោយសារសង្គ្រាមពាណិជ្ជកម្ម ជាមួយទីក្រុងវ៉ាស៊ីនតោន ។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានអនុវត្តការដំឡើងពន្ធទៅវិញទៅមក ជាបន្តបន្ទាប់ ក្នុងរយៈពេលពីរខែកន្លងមកហើយ ជាហេតុធ្វើឲ្យមានការកាត់ បន្ថយការទិញប្រេង របស់សហរដ្ឋអាមេរិក ប្រហែល៩០ភាគរយហើយ ដែរមកទល់បច្ចុប្បន្ន។
កន្លងមក ចិនធ្លាប់បានបញ្ជាក់ថា ខ្លួននឹងមិនអនុវត្តការដំឡើងពន្ធបន្ថែមទៀត ប្រឆាំងនឹងទំនិញអាមេរិកទេ ប៉ុន្តែនឹងប្រើវិធីផ្សេងទៀត ដើម្បីសងសឹក។
កាសែតBloomberg ដដែលបានរាយការណ៍ថា ការនាំចូលប្រេងឆៅរបស់ចិន ពីកំពង់ផែក្បែរទីក្រុង Vancouver លើឆ្នេរសមុទ្រប៉ាស៊ីហ្វិក របស់ប្រទេសកាណាដា បានកើនឡើងដល់កំណត់ត្រា៧,៣លានបារ៉ែលក្នុងខែមីនា ហើយនឹងអាចបន្តកើនឡើង លើសពីតួលេខនេះផង។
ទិន្នន័យពីក្រុមហ៊ុន តាមដានទំនិញប្រេង និងឧស្ម័នពិភពលោក Vortexa Ltd ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានឲ្យដឹងដែរថា ការនាំចូលប្រេងរបស់ចិន ពីសហរដ្ឋអាមេរិក បានធ្លាក់ចុះមកនៅត្រឹម៣ លានបារ៉ែលក្នុងមួយខែពីទំហំ២៩លានបារ៉ែល ក្នុងមួយខែ កាលពីខែមិថុនាកន្លងមក។
គួរឲ្យដឹងដែរថា អត្រាការនាំចូលប្រេងឆៅរបស់ប្រទេសកាណាដា ដោយផ្ទាល់របស់ប្រទេសចិន ជាប្រវត្តិសាស្ត្រមានតិចតួចបំផុតជាចម្បងដោយសារឧបសគ្គផ្នែកហេដ្ឋារចនាសម្ព័ន្ធ ខណៈដែលរោងចក្រចម្រាញ់ប្រេងរបស់ចិន ភាគច្រើនគឺនាំចូលប្រេងឆៅ ជាចម្បងពីមជ្ឈិមបូព៌ា និងរុស្ស៊ី៕
ប្រែសម្រួល៖ស៊ុនលី
