ភ្នំពេញ៖ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានថ្លែងថា ចិន-កម្ពុជា នឹងរួមគ្នាដើម្បីការពារសន្តិសុខ ការពារយុត្តិធម៌លើឆាកអន្តរជាតិ ដែលមានអង្គការសហប្រជាជាតិជាស្នូល។
ការលើកឡើងរបស់លោកទូត ខាងលើនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ពោលមួយថ្ងៃបន្ទាប់ពី ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ។
លោក វ៉ាង វិនពីន (Wang Wenbin) បានថ្លែងថា “ភាគីទាំងពីរ រួមគ្នាដើម្បីការពារសន្តិសុខ ការពារយុត្តិធម៌លើឆាកអន្តរជាតិ ភាគីទាំងពីរបានប្រកាសសាជាថ្មីថា យើងនឹងរួមគ្នាដើម្បីការពារប្រព័ន្ធអន្តរជាតិ ដែលមានអង្គការសហប្រជាជាតិជាស្នូល ការពារសណ្ដាប់ធ្នាប់អន្តរជាតិ ដែលមានច្បាប់អន្តរជាតិជាមូលដ្ឋាន ការពារគោលនយោបាយមូលដ្ឋាន សម្រាប់ទំនាក់ទំនងអន្តរជាតិ ដែលមានគោលការណ៍នៃធម្មនុញ្ញ នៃអង្គការសហប្រជាជាតិជាមូលដ្ឋាន”។
ក្នុងនោះលោកទូតចិន បានគូសបញ្ជាក់ថា ភាគីទាំងពីរបានប្រឆាំងជាមួយគ្នា ចំពោះឯកតោភាគី និងគ្រប់ប្រភេទនៃការការពារនិយម ទៅលើវិស័យពាណិជ្ជកម្ម សហការជាមួយគ្នា ដើម្បីក្លាយទៅជាកម្លាំងសន្តិភាព កម្លាំងស្ថេរភាពបច្ចុប្បន្ន ដែលមានការប្រែប្រួលយ៉ាងស្មុគស្មាញ ដែលមិនធ្លាប់កើតមាន”។
លោកឯកអគ្គរដ្ឋទូតចិន បានថ្លែងទៀតថា សមិទ្ធផលដែលទទួលបានក្នុងដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) បង្ហាញថា ចិនជាអ្នកគាំទ្រមុតមាំជាងគេ សម្រាប់ប្រទេសកម្ពុជា និងជាដៃគូអភិវឌ្ឍន៍ដែលអាចពឹងផ្អែកបាន លើសពីនេះទៅទៀត ទំនាក់ទំនងមិត្តភាព រវាងចិននិងកម្ពុជា មិនអាចបំផ្លាញបានទេ។
លោក វ៉ាង វិនពីន (Wang Wenbin) បានសង្កត់ធ្ងន់ថា “យើងនឹងសហការជាមួយនឹងកម្ពុជាដើម្បីអភិវឌ្ឍន៍ សមិទ្ធផលដែលយើងសម្រេចបាន ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) រក្សាការពារពូនជ្រំនូវចំណងមិត្តភាព ជាប្រពៃណីរវាងកម្ពុជាចិននៅកម្ពុជា ឱ្យបានកាន់តែល្អ ជំរុញការកសាងសហគមន៍វាសនារួម រួមចំណែកកសាងសហគមន៍វាសនារួម ក្នុងប្រទេសជុំវិញរបស់យើង និងវាសនារួម សម្រាប់មនុស្សជាតិដើម្បីផ្ដល់ផលប្រយោជន៍កាន់តែល្អ ដល់ប្រជាជននៃប្រទេសយើងទាំងពីរ”៕



