ពោធិ៍សាត់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ទោះបីជាស្ថានភាពសេដ្ឋកិច្ចកម្ពុជា មិនពិតប្រាកដយ៉ាណា ក៏ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បានប្រព្រឹត្តិទៅដោយរលូន។
នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ស្ថិតនៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តពោធិ៍សាត់ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានចូលរួមរៀបចំពិធីបុណ្យចូលឆ្នាំថ្មី កន្លងមកនេះ ប្រកបដោយភាពសប្បាយរីករាយគ្រប់ទីកន្លែង។
សម្តេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ខ្ញុំ សូមចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋអ្នកខេត្តពោធិ៍សាត់ទាំងមូល ក្នុងការរៀបចំ និងសប្បាយជាលក្ខណៈប្រពៃណីជាតិ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលកន្លងទៅសប្កាហ៍មុន ទោះបីជាស្ថានភាពរបស់យើង សេដ្ឋកិច្ចមិនពិតប្រាកដយ៉ាណា ក៏ការរៀបចំបានប្រព្រឹត្តិទៅដោយរលូន ហើយខ្ញុំ ក៏សូមធ្វើការកោតសរសើររដ្ឋបាលខេត្ត អាជ្ញាធរគ្រប់ថ្នាក់ ស្រុក-ក្រុង ឃុំ ដែលរៀបចំបានល្អ ហើយក៏ដូចជា សមត្ថកិច្ចគ្រប់បណ្ដាលអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទរបស់យើង»។
យោងតាមការប្រកាស របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣.៩៧៧.៤៤១ នាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤ (ដែលមានចំនួន ២១.៨១៣.១៣៨ នាក់)។
ក្នុងចំណោមភ្ញៀវទេសចរ និងប្រជាពលរដ្ឋជិត២៤លាននាក់នោះ មានភ្ញៀវជាតិចំនួន ២៣.៨៦២.៣៥១ នាក់ និងភ្ញៀវអន្តរជាតិ មានចំនួន ១១៥.០៩០ នាក់។
ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការបូកសរុបស្ថិតិភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសរយៈពេល៣ថ្ងៃនេះ គឺត្រូវបានគណនាដោយ រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាទូទាំងប្រទេស និងចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងសំខាន់ៗដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត និងព្រឹត្តិការណ៍ទេសចរណ៍កម្សាន្តផ្សេងៗ៕
