ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹក នាំកិច្ចប្រជុំកម្រិត អន្តរក្រសួង ស្ថាប័ន ដើម្បីពិនិត្យ និងពិភាក្សា ស្តីពីបញ្ហាប្រឈម សំណូមពរ ដំណោះស្រាយនានា នៃក្រុមការងារ “ច” ផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ ដោយមានការចូលរួមពី លោក លោកជំទាវថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ទាំងផ្នែករាជរដ្ឋាភិបាល ផ្នែកឯកជន និងតំណាងក្រុមហ៊ុន សមាគមធុរកិច្ចជាតិ ជាច្រើនរូប។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យ ពិភាក្សាលើបញ្ហាប្រឈម សំណូមពរ តាមដានវឌ្ឍនភាពការងារ និងដំណោះស្រាយឆ្លើយតប ទៅនឹងការលើកឡើងនានាពីផ្នែកឯកជន ដែលសភាពាណិជ្ជកម្មកម្ពុជា បានស្នើមកក្រសួង រួមទាំងផ្តល់ដំណោះស្រាយ ស្របតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការសម្រួលធុរកិច្ច ជំរុញលើកកម្ពស់កំណើន សេដ្ឋកិច្ចជាតិ និងទាក់ទាញវិនិយោគគិនទាំងក្នុង និងក្រៅប្រទេស៕



