ប៊ែរឡាំង ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានទម្លាក់ការព្យាករណ៍ទស្សនវិស័យសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៥ ហើយឥឡូវនេះកំពុងព្យាករណ៍ថា នឹងមានកំណើនសូន្យភាគរយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
យោងតាមការព្យាករណ៍និទាឃរដូវ ដែលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចស្តីទីលោក Robert Habeck សេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប អាចនៅទ្រឹង សម្រាប់រយៈពេលបីឆ្នាំជាប់ៗគ្នា។ នេះបន្ទាប់ពីការធ្លាក់ចុះថយក្រោយក្នុងឆ្នាំ២០២៣ និង២០២៤។
ការកែប្រែចុងក្រោយបំផុតបង្ហាញពីការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ពីការព្យាករណ៍ផ្លូវការពីមុន ដែលបានចេញផ្សាយនៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២៤ ដែលព្យាករណ៍ថា មានកំណើន ១,១ភាគរយ។ លោក Habeck បានសន្មតថា ការទម្លាក់ចំណាត់ថ្នាក់ជាចម្បងទៅនឹង “គោលនយោបាយ ពាណិជ្ជកម្មរបស់លោក ដូណាល់ ត្រាំ” ដោយនិយាយថា ការគំរាមកំហែង របស់សហរដ្ឋអាមេរិក និងការដាក់ពន្ធ បានបង្កើនយ៉ាងខ្លាំង នូវភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចពិភពលោក និងការរំពឹងទុកនៃកំណើនសេដ្ឋកិច្ច ។
លោកបានសង្កត់ធ្ងន់ថាគោលនយោបាយពាណិជ្ជកម្ម ដែលមិនអាចទាយទុកជាមុនបានទាំងនេះជាថ្មីម្តងទៀតបានបង្កបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ សម្រាប់សេដ្ឋកិច្ច ដែលពឹងផ្អែកលើការនាំចេញរបស់ប្រទេសអាល្លឺម៉ង់។ លោកបានចង្អុលបង្ហាញពីការធ្វើសមាហរណកម្មរបស់ប្រទេសនេះទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល និងការបើកចំហសម្រាប់ពាណិជ្ជកម្មអន្តរជាតិ។
ការព្រួយបារម្ភនេះ ត្រូវបានបន្ទរ នៅក្នុងរបាយការណ៍រួមមួយ ដែលបានចេញផ្សាយកាលពីដើមខែនេះ ដោយក្រុមអ្នកគិតគូរ ផ្នែកសេដ្ឋកិច្ចឈានមុខគេ របស់ប្រទេសអាល្លឺម៉ង់ ដែលបានកាត់បន្ថយការព្យាករណ៍ កំណើនឆ្នាំ២០២៥ របស់ពួកគេទៅជិតសូន្យភាគរយ៕
ប្រែសម្រួល ឈូក បូរ៉ា
