ហ្គាហ្សា៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៥៦នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើតំបន់ផ្សេងៗនៃតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃចន្ទ អ្នកនាំពាក្យការពារជនស៊ីវិលលោក Mahmoud Basal បានប្រាប់កាសែតស៊ិនហួថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានកំណត់គោលដៅលើតង់ជនភៀសខ្លួន ផ្ទះលំនៅដ្ឋាន និងការប្រមូលផ្តុំជនស៊ីវិលនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ។
ក្នុងចំណោមអ្នកស្លាប់ មនុស្ស ២៦ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែលលើការប្រមូលផ្តុំ និងផ្ទះនៅតំបន់ភាគខាងលិច និងភាគពាយ័ព្យនៃទីក្រុងហ្គាហ្សា នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅតំបន់ហ្គាហ្សាភាគខាងជើង យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១២ នាក់បានស្លាប់នៅពេលដែលយន្តហោះចម្បាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែក លើផ្ទះលំនៅដ្ឋានជុំវិញជំរំជនភៀសខ្លួន Jabalia ។ ដោយឡែកការបាញ់ផ្លោងដោយកាំភ្លើងធំនៅទីប្រជុំជន Beit Lahia បានសម្លាប់មនុស្សម្នាក់ និងជាច្រើននាក់ទៀតរងរបួស។
លោក Basal បានបន្ថែមថា នៅកណ្តាលហ្គាហ្សាស្ទ្រីប ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើផ្ទះមួយនៅក្នុងជំរុំជនភៀសខ្លួន Al-Maghazi បានសម្លាប់ក្មេងស្រីប៉ាឡេស្ទីនម្នាក់។ ទន្ទឹមនឹងនោះ នៅទីក្រុងខាន់យូនីស ភាគខាងត្បូងតំបន់ហ្គាហ្សា ជនជាតិប៉ាឡេស្ទីន ១៦នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់អ៊ីស្រាអែល ដែលសំដៅលើផ្ទះ តង់ជំរកជនភៀសខ្លួន និងការប្រមូលផ្តុំជនស៊ីវិល។
ចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការយោធាកាន់តែខ្លាំងឡើងនៅថ្ងៃទី ១៨ ខែមីនា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ២.២២២នាក់ ត្រូវបានសម្លាប់ និង ៥.៧៥១ នាក់បានរងរបួស ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបនៅហ្គាហ្សា ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមក្នុងខែតុលា ឆ្នាំ ២០២៣ ដល់ ៥២.៣១៤ នាក់ ជាមួយនឹងមនុស្សសរុបចំនួន ១១៧.៧៩២ នាក់បានរងរបួស នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សា៕
ប្រែសម្រួល ឈូក បូរ៉ា
