ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ថា ការចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូម និងការបន្ធូរបន្ថយទណ្ឌកម្ម ការទាមទារដែលមិនអាចចរចា បានក្នុងការចរចាជាមួយអាមេរិក

xinhua

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឲ្យដឹងថា ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមក្នុងស្រុក និងការដកទណ្ឌកម្ម ប្រកបដោយប្រសិទ្ធភាព គឺជាការទាមទារ ដែលមិនអាចចរចារបាន របស់ទីក្រុងតេអេរ៉ង់ ក្នុងការចរចាដោយប្រយោល ដែលកំពុងបន្តជា មួយទីក្រុងវ៉ាស៊ីនតោន ។

លោកបានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ក្នុងទីក្រុងតេអេរ៉ង់ ខណៈដែលបានរៀបរាប់យ៉ាង លម្អិតអំពីការទាមទាររបស់ប្រទេស ក្នុងការចរចាសម្របសម្រួលដោយប្រទេសអូម៉ានី ជាមួយសហរដ្ឋអាមេរិក ដែលក្នុងនោះមានបីជុំត្រូវបានធ្វើឡើងហើយ ពីរនៅរដ្ឋធានី Muscat នៃប្រទេសអូម៉ង់ នៅថ្ងៃទី១២ ខែមេសា និងថ្ងៃទី២៦ ខែមេសា រៀងគ្នា និងមួយទៀតនៅទីក្រុងរ៉ូម នៅថ្ងៃទី ១៩ ខែមេសា។

លោក Baghaei បានលើកឡើងថា ព័ត៌មានលម្អិត នៃការចរចាណាមួយ គួរតែស្ថិតនៅក្នុងក្របខណ្ឌ នៃគ្រោងទូទៅដែលបានព្រមព្រៀងរួចហើយ ដោយភាគីទាំងពីរ ដោយបន្ថែមថា “ដូច្នេះ គ្មានកិច្ចព្រមព្រៀងណាមួយនឹងត្រូវបានសម្រេចបាន លុះត្រាតែក្របខណ្ឌទូទៅ ដែលចង់បានរបស់អ៊ីរ៉ង់ ត្រូវបានយកមកពិចារណា”។

លោក Baghaei បានសង្កត់ធ្ងន់ថា ការពិគ្រោះយោបល់បច្ចេកទេសនឹងត្រូវធ្វើឡើងក្នុងពេលដំណាលគ្នានៅដំណាក់កាលនីមួយៗនៃការចរចា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព៧ត៌មានចិនស៊ិនហួ។

លោកក៏បានគូសបញ្ជាក់ផងដែរថា “ការបញ្ចប់ទណ្ឌកម្មប្រកបដោយប្រសិទ្ធភាព គឺជាពាក្យគន្លឹះ” ហើយថា ការទទួលបានទ្រព្យសម្បត្តិដែលបង្កក “ដោយខុសច្បាប់ និងអយុត្តិធម៌” របស់អ៊ីរ៉ង់ គឺស្ថិតក្នុងចំណោមការទាមទារដ៏ធ្ងន់ធ្ងររបស់ប្រទេសលោកនៅក្នុងកិច្ចពិភាក្សានេះ។ លោកបានកត់សម្គាល់ថា គណៈប្រតិភូមកពីទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិបានមកដល់ទីក្រុងតេអេរ៉ង់ នៅមុនថ្ងៃសម្រាប់កិច្ចពិភាក្សាបច្ចេកទេសជាមួយអ្នកជំនាញអ៊ីរ៉ង់ លើប្រធានបទមួយចំនួន រួមទាំងបញ្ហាការពារជាតិផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top