បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានច្រានចោលការរិះគន់លើរូបភាព ដែលបង្កើតដោយ AI ដែលពណ៌នារូបលោក នៅក្នុងសម្លៀកបំពាក់ជា សម្តេច ប៉ាប ដោយលោកទទូចថា ប្រតិកម្មត្រូវបានជំរុញដោយ “ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ” មិនមែនសហគមន៍កាតូលិកនោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា រូបភាពដែលបានផ្លាស់ប្តូរ ជាឌីជីថល ដែលបង្ហាញថា លោក Trump ពាក់អាវផាយពណ៌ស ឈើឆ្កាងមាស និង មួកដែលខ្ពស់ ត្រូវបានបង្ហោះ នៅលើវេទិកាសង្គម Truth Social របស់លោក និងគណនីសេតវិមានផ្លូវការនៅថ្ងៃទី X កាលពីថ្ងៃសៅរ៍។ ការបង្ហោះនេះបានធ្វើតាមការលើកឡើងថ្មីៗរបស់លោក Trump ដែលនិយាយលេងអំពីការ ក្លាយជាសម្តេចប៉ាបបន្ទាប់ បន្ទាប់ពីការសោយទីវង្គត់របស់សម្តេចប៉ាប Francis កាលពីថ្ងៃទី ២១ ខែមេសា។
រូបភាពនេះបានបង្កឱ្យមានប្រតិកម្មចម្រុះលើអ៊ីនធឺណិត ដោយអ្នកខ្លះយល់ថា វាកំប្លែង ហើយអ្នកខ្លះទៀតហៅរូបភាពនេះថា មិនសមរម្យ។ ថ្លែងទៅកាន់ភាពចម្រូងចម្រាសកាលពីថ្ងៃចន្ទ លោក Trump បានច្រានចោលលើការអះអាងដែលថា ពួកកាតូលិកបានអាក់អន់ចិត្ត។
លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមានថា “អូ! ខ្ញុំឃើញ។ អ្នកមានន័យថាពួកគេមិន អាចនិយាយលេងបានទេ? អ្នកមិនមែនមានន័យថាពួកកាតូលិកទេ អ្នកមានន័យថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ ពួកកាតូលិកចូលចិត្តវា”
លោកបន្ថែមថា លោកគ្មានតួនាទី ក្នុងការចែករំលែករូបភាពនេះទេ៖ “មានអ្នកណាម្នាក់បង្កើតរូបខ្ញុំស្លៀកពាក់ដូចសម្តេចប៉ាប ហើយគេបង្ហោះលើអ៊ីនធឺណិត នោះមិនមែនជាខ្ញុំទេដែលធ្វើវា។ ខ្ញុំមិនដឹងថាវាមកពីណាទេ។ ប្រហែលជាវាជា AI ប៉ុន្តែខ្ញុំមិនដឹងអំពីវាទេ។ ខ្ញុំទើបតែបានឃើញវាកាលពីល្ងាចមិញ”៕
ប្រែប្រួលៈ ណៃ តុលា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									