ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកស្រី ភឿង សកុណា បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងលើកទី១ ដើម្បីរៀបចំឯកសារដាក់បញ្ចូលភ្នំដា និងអង្គរបុរី ក្នុងស្រុកអង្គរបុរី ខេត្តតាកែវ ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូ ។


កិច្ចប្រជុំនេះ ធ្វើឡើងនារសៀលថ្ងៃ៧ ឧសភា ដែលមានចូលរួមពីសមាភាពនៃក្រសួង និងស្ថាប័នចំនួន១១ និងការចូលរួមពីលោក វ៉ី សំណាង អភិបាលខេត្តតាកែវ។

ប្រាសាទភ្នំដា
ប្រាសាទភ្នំដា កសាងនៅលើកំពូលភ្នំដា មានកម្ពស់៤០ម៉ែត្រ ។ ប្រាសាទនេះបែរមុខទៅទិសខាងជើងសំដៅទៅរករាជធានីនគរភ្នំ ដែលទីតាំងស្ថិតនៅស្រុកអង្គរបូរីសព្វថ្ងៃ។ ប្រាសាទនេះកសាងអំពីឥដ្ឋ ថ្មបាយក្រៀម និងថ្មភក់ ជារាងការ៉េ ជ្រុងនីមួយៗមាន១២ម៉ែត្រ និងមានកម្ពស់១៨ម៉ែត្រ ពុំមានជណ្តើរទេ មានទ្វា៣ជាទ្វាបញ្ឆោត និងទ្វា១ជាទ្វាពិតនៅជញ្ជាំងខាងជើង ហើយជញ្ជាំងក្រាសខុសប្លែកពីប្រាសាទនានា។ ប្រាសាទភ្នំដាពុំមានរបង ។ នៅខាងក្នុងមានតាំងលឹង្គព្រះឥសូរតាំងពីសម័យសាងសង់ប្រាសាទសម្រាប់ជាទីសក្ការៈបូជា។ ប្រាសាទនេះកសាងឡើងក្នុងសតវត្សទី៦ ក្នុងរជ្ជកាលព្រះបាទរុទ្រវរ្ម័ន ជាក្សត្រចុងក្រោយក្នុងសម័យអាណាចក្រភ្នំ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។

ប្រាសាទអង្គរបុរី
ចំណែកអង្គរបុរីវិញ ជាអតីតរាជធានីដ៏ចំណាស់មួយរបស់ខ្មែរ គឺជាស្ថានីយ៍សំខាន់មួយក្នុងចំណោមស្ថានីយ៍សំខាន់ៗបី នៃអាណាចក្រហ្វូណន ។ តាមរយៈការស្រាវជ្រាវរូបថតពីលើអាកាសគេអាចមើលឃើញច្បាស់នូវសំណល់ ស្លាកស្នាម ជាគូរទឹក និងកំពែងទីក្រុងដែលមានប្រវែងជិត៦គីឡូម៉ែត្រ។ កំពែងនេះធ្វើពីឥដ្ឋមានកម្ពស់ពី៦ទៅ៨ម៉ែត្រ និងមានទទឹងប្រវែង ១ម៉ែត្រ ។ តាមរយៈកំណាយបុរាណវិទ្យា គេរកឃើញ អង្កាំ ធ្វើពីកែវ និងក្រឡភាជន៍ ព្រមទាំងសំណល់គ្រោងឆ្អឹងមនុស្សបុរាណដែលបានផ្ដល់ជាភស្តុតាងថា អង្គរបុរីនេះមានអាយុកាលតាំងពីប្រហែល៤០០ឆ្នាំមុនគ.សមកម៉្លេះ៕
