ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ថា ប៉ូលិសនៅក្រុងឡុងដ៏ បានប្រកាសថា នៅក្នុងរយៈពេល៦សប្តាហ៍ រហូតដល់ថ្ងៃទី១៩ ខែមេសា ក្រុមមន្ត្រីនៅទូទាំងក្រុងឡុងដ៏ បានធ្វើការចាប់ខ្លួនអ្នកបង្កហេតុចំនួន៤.០៩៣នាក់ ដែលគិតជាមធ្យមក្នុង១ថ្ងៃជិត១០០នាក់ ហើយអំពើហិង្សាក្នុងស្រុក បានកើនឡើងក្នុងអំឡុងសប្តាហ៍ទី៣ នៅក្នុងរយៈពេល៦សប្តាហ៍កន្លងមកនេះ ។
លោក Sue Williams មេបញ្ជាការ ដែលដឹកនាំក្រុមប៉ូលិសល្បាត បាននិយាយថា រាល់ការចោទប្រកាន់ និងការប្រុងប្រយ័ត្នបានកើនឡើង២៤ភាគរយ គិតចាប់ពីថ្ងៃទី០៩ ខែមីនា នៅគ្រាដែលពលរដ្ឋមានរោគសញ្ញាជំងឺកូវីដ១៩ ដែលស្នើឲ្យនៅដាច់ដោយឡែកពីគេ ធៀបនឹងឆ្នាំមុន ។
គេបានដឹងថា អង់គ្លេស ជាប្រទេសឈរលើលំដាប់លេខ៥ នៃអ្នកស្លាប់ និងឆ្លងជំងឺកូវីដ១៩ ក្នុងចំណោមប្រទេសនៅតំបន់អឺរ៉ុប បន្ទាប់ពីអាមេរិក អ៊ីតាលី អេស្ប៉ាញ និងបារាំង ដែលមានអ្នកឆ្លងនិងស្លាប់ច្រើនជាងគេបំផុតលើពិភពលោក ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា