ព័ត៌មានអន្តរជាតិ

ប៉ាណាម៉ា បញ្ជាក់ជាថ្មីអំពីអព្យាក្រឹតភាពរបស់ព្រែកជីកប៉ាណាម៉ា នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

Xinhua

ប៉ាណាម៉ា៖ អនុរដ្ឋមន្ត្រីការបរទេសប៉ាណាម៉ាលោក Carlos Hoyos បានឲ្យដឹងថា ប៉ាណាម៉ាបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាអព្យាក្រឹតភាពនៃព្រែកជីកប៉ាណាម៉ា សម្រាប់កប៉ាល់ទាំងអស់មកពីជុំវិញពិភពលោកក្នុងសន្តិភាព។

អ្នកការតូតរូបនេះបានឲ្យដឹងថា “ប៉ាណាម៉ា ក្នុងនាមជាអ្នកគ្រប់គ្រងអធិបតេយ្យភាពនៃព្រែកជីកប៉ាណាម៉ា ប្រកាសយ៉ាងម៉ឺងម៉ាត់ថា ព្រែកជីកនេះ ដែលជាផ្លូវទឹកសម្រាប់ឆ្លងកាត់អន្តរជាតិ នឹងមានអព្យាក្រឹតអចិន្ត្រៃយ៍ ដូច្នេះ ទាំងក្នុងគ្រាមានសន្តិភាព និងសង្រ្គាម ប្រឡាយនៅតែមានសុវត្ថិភាព និងបើកចំហសម្រាប់ការឆ្លងកាត់ដោយសន្តិវិធីនៃកប៉ាល់ទាំងអស់នៅជុំវិញពិភពលោក ក្រោមលក្ខខណ្ឌសមភាពពេញលេញ និងដោយគ្មានការរើសអើងប្រភេទណាមួយឡើយ”។

លោក Hoyos បានបន្ថែមថា នាវាជាង ៨,៨០០ គ្រឿង ឬ ១៥ភាគរយនៃកងនាវាអន្តរជាតិ បានធ្វើដំណើរក្រោមប្រព័ន្ធទង់ជាតិរបស់ប៉ាណាម៉ា ដែលផ្តល់នូវអត្ថប្រយោជន៍ដូចជាការចំណាយទាបជាដើម។

អនុរដ្ឋមន្ត្រីរូបនេះបានលើកឡើងថា អាជ្ញាធរដែនសមុទ្រប៉ាណាម៉ា បានបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដងក្នុងការសម្អាតកងនាវាពាណិជ្ជកររបស់ខ្លួនតាមរយៈគោលការណ៍មិនអត់ឱនប្រឆាំងនឹងការប្រើប្រាស់ទង់ជាតិរបស់ខ្លួនខុស ដើម្បីការពារកេរ្តិ៍ឈ្មោះរបស់ខ្លួន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top