ម៉ូស្គូ៖ រុស្ស៊ី និងអ៊ុយក្រែន បានផ្លាស់ប្តូរអ្នកទោសចំនួន ៣០៣ នាក់កាលពីថ្ងៃអាទិត្យ ដោយបានបញ្ចប់ការផ្លាស់ប្តូរអ្នកទោសដ៏ធំបំផុតក្រោមកិច្ចព្រមព្រៀង ដែលសម្រេចបានក្នុងអំឡុងពេល កិច្ចចរចានាពេលថ្មីៗនេះនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ទាហានរុស្ស៊ី ៣០៣ នាក់ “បានវិលត្រឡប់ពីទឹកដី ដែលគ្រប់គ្រងដោយទីក្រុងគៀវ” ខណៈពេលដែលអ្នកទោសអ៊ុយក្រែនចំនួនស្មើគ្នា ក៏ត្រូវបានដោះលែងផងដែរ។
ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា អ្នកទោសរុស្ស៊ី ដែលត្រូវបានដោះលែងគឺនៅលើទឹកដី នៃសាធារណរដ្ឋបេឡារុស្ស ជាកន្លែងដែលពួកគេកំពុងត្រូវបានផ្តល់ជំនួយផ្លូវចិត្ត និងវេជ្ជសាស្ត្រចាំបាច់។ បន្ទាប់ពីការចរចាដោយផ្ទាល់របស់ពួកគេ នៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃទី ១៦ ឧសភា រុស្ស៊ី និងអ៊ុយក្រែន បានយល់ព្រមផ្លាស់ប្តូរអ្នកទោសម្នាក់ៗ ១,០០០ នាក់ ដែលជាការដោះដូរអ្នកទោសដ៏ធំបំផុត ចាប់តាំងពីជម្លោះចាប់ផ្តើមនៅឆ្នាំ២០២២។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន ភាគីទាំងពីរបានផ្លាស់ប្តូរទាហានចំនួន ២៧០ នាក់ និងជនស៊ីវិល ១២០ នាក់ បន្ទាប់មកដោយការផ្លាស់ប្តូរបុគ្គលិកយោធាចំនួន ៣០៧ សម្រាប់ ៣០៧ ពោលគឺជាការដោះដូរទៅវិញទៅមក នៅថ្ងៃសៅរ៍។ ការដោះដូរអ្នកទោសរយៈពេលបីថ្ងៃគឺជាការផ្លាស់ប្តូរលើកទី ៦៥ នៃអ្នកទោសរវាងភាគីទាំងពីរ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ និងលើកទី ៦ ក្នុងឆ្នាំនេះ នេះបើយោងតាមទីស្នាក់ការកណ្តាល សម្របសម្រួលរបស់អ៊ុយក្រែន សម្រាប់ការព្យាបាលអ្នកទោសសង្គ្រាម ៕
ប្រែសម្រួល ឈូក បូរ៉ា

