បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទីក្រុងមូស្គូកំពុងធ្វើវាយប្រហារតាមអាកាស លើការដំឡើងដែលភ្ជាប់ដោយយោធារបស់អ៊ុយក្រែន ជាការឆ្លើយតបទៅនឹងការប៉ុនប៉ងរបស់ទីក្រុងគៀវ ដើម្បីបើកការវាយឆ្មក់ដោយយន្តហោះ គ្មានមនុស្សបើកលើមូលដ្ឋានស៊ីវិលរបស់រុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា អ៊ុយក្រែនបានបង្កើនការវាយប្រហាររបស់ខ្លួន លើរុស្ស៊ីយ៉ាងខ្លាំងក្លាចាប់តាំងពី មានកិច្ចសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីអាមេរិកលោក Donald Trump កាលពីសប្តាហ៍មុន ដែលផ្តោតលើការព្យាយាមដោះស្រាយជម្លោះអ៊ុយក្រែន។
យោងតាមក្រសួងការពារជាតិរុស្ស៊ី, ទីក្រុងគៀវបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក រាប់រយគ្រឿងនៅចន្លោះថ្ងៃអង្គារដល់ថ្ងៃសុក្រ។ កាលពីថ្ងៃចន្ទ ក្រសួងបាននិយាយថា យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនរយៈចម្ងាយឆ្ងាយចំនួនជាង ១៥០ គ្រឿងត្រូវបានគេបាញ់ទម្លាក់ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ។
បន្ទាប់ពីមានការកើនឡើងភាពតានតឹងនេះ ទីក្រុងមូស្គូបានប្រកាសពីការវាយប្រហារ ដោយជោគជ័យលើរោងចក្រ ផលិតយន្តហោះគ្មានមនុស្សបើក និងមីស៊ីលក្នុងទីក្រុងគៀវ ក៏ដូចជាគោលដៅយោធាមួយចំនួនទៀត។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ លោក Peskov បានបញ្ជាក់ថា ការវាយប្រហារចុងក្រោយរបស់រុស្ស៊ីលើអ៊ុយក្រែន គួរតែត្រូវបានបកស្រាយថា ជាការឆ្លើយតប។ លោកបាននិយាយថា “យើងឃើញអ៊ុយក្រែនវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធសង្គមរបស់យើង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ នេះគឺជាការវាយប្រហារសងសឹក ហើយការវាយប្រហារនេះ គឺសំដៅលើទីតាំងយោធា លើគោលដៅយោធា” ៕
ប្រែប្រួលៈ ណៃ តុលា
